មន្រ្តីនៃរដ្ឋបាលក្រុង ស្រុកចំនួន ៥ខេត្ត បានចូលរួមវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ «គណនេយ្យសាធារណៈ» នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងភាពត្រឹមត្រូវក្នុងការគ្រប់គ្រង និងអនុវត្តការងារហិរញ្ញវត្ថុសាធារណៈនៅតាមអង្គភាពស្ថាប័ន នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី គណនេយ្យសាធារណៈ ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលក្រុង ស្រុក នៃខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ KN&N រីសត ខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងបរិបទនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់ គ្រង ហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈមូលដ្ឋាន បង្គរនៅកម្ពុជា ២០២១-២០៣១» ដែលបាននិងកំពុងផ្លាស់ប្តូរជាបណ្តើរៗប្រព័ន្ធគណនេយ្យមូលដ្ឋានសាច់ប្រាក់ ទៅជាប្រព័ន្ធគណនេយ្យមូលដ្ឋានបង្គរ និងបានកំណត់យកឆ្នាំ២០៣១ ជាបង្គោលចរសម្រាប់កម្ពុជាធ្វើការផ្លាស់ប្តូរ ឈានទៅអនុវត្តប្រព័ន្ធគណនេយ្យ មូលដ្ឋាន បង្គរពេញលេញ ប្រកបដោយតម្លាភាព ភាពអាចជឿទុកចិត្តបាន ស្របតាមឧត្តមានុវត្តន៍ ជាអន្តរជាតិ និងក្នុងបរិបទជាក់ស្តែងរបស់កម្ពុជា សំដៅធានាបាននូវគណនេយ្យភាព របស់រាជរដ្ឋាភិបាល លើការប្រើប្រាស់ ធនធាន និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាជន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។ ឯកឧត្តម បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែង របស់រដ្ឋបាលក្រុង ស្រុក សម្រាប់ធានាផលិតភាព ប្រសិទ្ធភាព និងតម្លាភាព នៃការអនុវត្តការងារប្រចាំថ្ងៃ និងការគ្រប់គ្រងថវិកាជាតិ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការបម្រើសេវា សាធារណៈ ជូនប្រជាពលរដ្ឋ ដែលនឹងនាំទៅដល់ការទុកជឿចិត្តពីប្រជាពលរដ្ឋ ចំពោះមន្ត្រីរាជការ និង ចំពោះស្ថាប័នសាធារណៈទាំងមូល ។
ឯកឧត្តម គង់ គឹមនី បានឱ្យដឹងថា ការអនុវត្តកម្មវិធីបណ្តុះបណ្តាលនាពេលនេះ គឺជាកិច្ចការដ៏សំខាន់មួយ សម្រាប់ពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញ ជាពិសេស មន្ត្រីគណនេយ្យ ដែលជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ ការប្រើប្រាស់ និងការគ្រប់គ្រងធនធានសាធារណៈ ពិសេសការអនុវត្តនីតិវិធីចំណាយ និងការចុះកិច្ចបញ្ចិកា គណនេយ្យ ឱ្យបានត្រឹមត្រូវ។ ឯកឧត្តម បន្ថែមថា ដើម្បីជួយឱ្យការគ្រប់គ្រង និងប្រើប្រាស់ថវិកា ធនធានសាធារណៈ មានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅគាំទ្រដល់ «ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤» របស់រាជរដ្ឋាភិបាល៕







