ឯកឧត្តម ឈិន កេតនា ដឹកនាំចុះពិនិត្យទីតាំងដាំបង្គោលទង់ជាតិ ដើម្បីរៀបចំពិធីការ និងបដិសណ្ឋារកិច្ច នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាព ក្នុងការត្រៀមលក្ខណៈរៀបចំពិធីការ និងបដិសណ្ឋារកិច្ច នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលជាក់ស្តែងនូវទីតាំងរៀបចំដាំបង្គោលទង់ជាតិ នៅខេត្តកណ្ដាល តាមបណ្ដោយផ្លូវមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ពីអាកាសយានដ្ឋានអន្តរជាតិតេជោ រហូតដល់រាជធានីភ្នំពេញ ។

ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងនេះ ក្រុមការងារបានពិនិត្យ និងរៀបចំផែនការដាំបង្គោលទង់ជាតិសរុបចំនួន ១០៥ បង្គោល ក្នុងនោះ ខេត្តកណ្តាលមានរៀបចំដាំបង្គោលចំនួន ៣៦បង្គោល និងរាជធានីចំនួន៥៤ បង្គោល តាមបណ្ដោយផ្លូវមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និង១៥បង្គោលថែមទៀត នៅតាមច្រាំងមាត់ទន្លេមុខព្រះបរមរាជវាំង។

សូមជម្រាបជូនថា ការរៀបចំដាំបង្គោលទង់ជាតិនេះគឺសម្រាប់បង្ហូតទង់ជាតិនៃបណ្ដាប្រទេសនីមួយៗ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចការពិធីការ និងបដិសណ្ឋារកិច្ចផ្លូវការ ដែលបង្ហាញពីការត្រៀមខ្លួនយ៉ាងរួចរាល់របស់កម្ពុជា ក្នុងការទទួលស្វាគមន៍ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូអន្តរជាតិទាំងអស់ ប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរខ្ពស់បំផុត សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ឆ្នាំ២០២៦ នាពេលខាងមុខ ។

អញ្ជើញអមដំណើរ និងចូលរួមក្នុងបេសកកម្មចុះពិនិត្យទីតាំងខាងលើ ដែលដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រួមមាន ÷ ឯកឧត្តម អ៊ាត សីលា ប្រធានអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ,លោក ឯក ឃុនឌឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ , លោក ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល, លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល, លោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ , ព្រមទាំងថ្នាក់ដឹកនាំនិងក្រុមការងារបច្ចេកទេសជួយច្រើនរូបទៀត។

ការចុះពិនិត្យផ្ទាល់នាពេលនេះ គឺជាជំហានយ៉ាងសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធពិធីការ ឲ្យមានភាពត្រឹមត្រូវ ស្របតាមបទដ្ឋានបដិសណ្ឋារកិច្ចអន្តរជាតិ ដើម្បីលើកកម្ពស់កិត្តិយស និងមុខមាត់របស់ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងដាំបង្គោលទង់ជាតិទាំងនេះឱ្យបានត្រឹមត្រូវ និងមានសោភ័ណភាពល្អប្រសើរបំផុត ស្របតាមបទដ្ឋានបច្ចេកទេស និងបដិសណ្ឋារកិច្ចអន្តរជាតិ ដើម្បីបង្ហាញពីការត្រៀមខ្លួនរួចរាល់ ព្រមទាំងលើកកម្ពស់កិត្តិយស និងមុខមាត់របស់ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ។

គួររំលឹកថា នេះជាលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិភពលោកនេះ បន្ទាប់ពីលើកទី១ ក្នុងឆ្នាំ១៩៩៧ ដែលក្នុងនោះមានសមាសភាពចូលរួមដូចជា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីប្រទេសជាសមាជិកពេញសិទ្ធិ សមាជិកអម និងសង្កេតការណ៍នៃអង្គការ OIF សរុប ៨៨ ប្រទេស និងតំបន់។

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧០ ដើម្បីលើកកម្ពស់ការប្រើប្រាស់ភាសាបារាំង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ សន្តិភាព និងប្រជាធិបតេយ្យ។ កិច្ចប្រជុំកំពូលរៀបចំប្រជុំជារៀងរាល់ ២ឆ្នាំម្តង ដើម្បីកំណត់ទិសដៅនយោបាយ និងយុទ្ធសាស្ត្រសកល។

កម្ពុជាបានចូលជាសមាជិកសង្កេតការណ៍ក្នុងឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។