ព្យុះទីហ្វុង Dolphin បានកំពុងបោកបក់ចូលភាគខាងកើត នៃប្រទេសចិននាំមកនូវខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង! បង្ខំឱ្យលុបចោលជើងហោះហើរ នៅទីក្រុងសៀងហៃ ចំនួន ១៣០០ជើង
ព្យុះទីហ្វុងដូហ្វីន (Dolphin) បានបោកបក់ចូលប្រទេសចិនដីគោកនាភាគខាងកើត ដោយនាំមកនូវខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃអាទិត្យនេះ។ ព្យុះទីហ្វុង Dolphin បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនកាលពីល្ងាចថ្ងៃអាទិត្យនេះ បន្ទាប់ពីឥទ្ធិពលរបស់វា បង្ខំឲ្យមនុស្សជាង៣០ម៉ឺននាក់ត្រូវផ្លាស់ទីលំនៅភ្លាមៗ ហើយអាកាសយានដ្ឋានទាំងពីរក្នុងទីក្រុងសៀងហៃ ត្រូវលុបចោលជើងហោះហើរជាង១៣០០ជើងហើយ។ ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងកោះតៃវ៉ាន់ដែរ កាលពីប៉ុន្មានថ្ងៃមុន។ ព្យុះនេះបានវាយប្រហារទីក្រុងតៃចូវក្នុងខេត្តហ្សេជាំង និងផ្នែកភាគខាងជើងនៃខេត្តហ្វូជាន ជិតខាងកាលពីល្ងាចថ្ងៃអាទិត្យដូចគ្នា ដោយនាំមកនូវខ្យល់បក់ខ្លាំង ដែលត្រូវបានគេប៉ាន់ប្រមាណថាមានល្បឿន១៥១គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាបានបោកបក់ចូលតំបន់ខ្ពង់រាប និងមានរលកធំៗទៅកាន់ឆ្នេរសមុទ្រក្នុងទីក្រុង។ ភ្លៀងធ្លាក់ខ្លាំងបានបង្កើតហានិភ័យនៃទឹកជំនន់ធ្ងន់ធ្ងរនៅហ្សេជាំង ហើយអាជ្ញាធរបានព្រមានអំពីហានិភ័យនៃការបាក់ដីធ្ងន់ធ្ងរ។ អាកាសយានដ្ឋានហុងឈៀវ និងពូដុង របស់ទីក្រុងសៀងហៃបានលុបចោលជើងហោះហើរសរុបស្មឹនឹង៦០% នេះបើយោងតាមកាសែត The Paper ដែលជាប្រព័ន្ធផ្សព្វផ្សាយធំមួយរបស់ទីក្រុង។ អ្នកព្យាករណ៍អាកាសធាតុនៅក្នុងប្រទេសចិនបានព្យាករណ៍ថា តំបន់នានាអាចនឹងមានភ្លៀងធ្លាក់ពី ២០០-៤០០មីលីម៉ែត្រ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ហើយកាលពីល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អាជ្ញាធរនៅខេត្ត Zhejiang បានជម្លៀសមនុស្សប្រហែល ៣៩ម៉ឺននាក់នៅក្នុងទីក្រុង Taizhou។ ស្របពេលដែលអាជ្ញាធរនៅសៀងហៃបានជម្លៀសមនុស្សជាង៣ម៉ឺននាក់ចេញពីតំបន់ដែលមានហានិភ័យខ្ពស់។ អាជ្ញាធរ Zhejiang ក៏បានផ្អាកសកម្មភាពលើទឹកទាំងអស់ រួមទាំងចរាចរណ៍សាឡាង និងនាវាទេសចរណ៍ជាដើម៕
សម្រួលអត្ថបទ៖ សុផារិន្ទ






