លើកទឹកចិត្តសិស្សពូកែ! អភិបាលខេត្តព្រះសីហនុ ប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង សម្រាប់បេក្ខជនប្រឡងជាប់និទ្ទេស A

ខេត្តព្រះសីហនុ៖ ការបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរលូន និងម៉ត់ចត់ នៅមណ្ឌលប្រឡងនានា ក៏ដូចជានៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែន មិត្តភាព ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីធានាបាននូវភាពស្អាតស្អំ តម្លាភាព និងយុត្តិធម៌ ស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។

សម្រាប់សម័យប្រឡងឆ្នាំ២០២៦នេះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំមណ្ឌលប្រឡងសរុបចំនួន ៥ មណ្ឌល ដោយចែកចេញជា ៩៩ បន្ទប់ ដើម្បីទទួលបេក្ខជនចូលរួមប្រឡងសរុប ២,៤២១ នាក់ (ស្រី ១,២៧៦ នាក់)។ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤៦៣ នាក់ (ស្រី ២៦៤ នាក់) ស្មើនឹង ២០ បន្ទប់ ដោយបែងចែកនៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ចំនួន ១២ បន្ទប់ និងមណ្ឌលបឋមសិក្សា-វិទ្យាល័យ វាលរេញ ស្រុកព្រៃនប់ ចំនួន ៨ បន្ទប់។

ដោយឡែក បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួនសរុប ១,៩៥៨ នាក់ (ស្រី ១,០១២ នាក់) ស្មើនឹង ៧៩ បន្ទប់ ដែលស្ថិតនៅតាមមណ្ឌលចំនួន៣ រួមមាន មណ្ឌលវិទ្យាល័យហ៊ុនសែនមិត្តភាព ចំនួន ៣៣ បន្ទប់, មណ្ឌលអនុវិទ្យាល័យ តេជោសែន កម្មករ ចំនួន ១២ បន្ទប់ និងមណ្ឌលវិទ្យាល័យ វាលរេញ ស្រុកព្រៃនប់ ចំនួន ៣៤ បន្ទប់។ គ្រប់មណ្ឌលប្រឡងទាំងអស់ត្រូវបានរៀបចំបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់យ៉ាងស្អាតបាត ប្រកបដោយរបៀបរៀបរយ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយមាតាបិតាសិស្សដែលបានជូនកូនចៅមកប្រឡង ដោយបានអំពាវនាវកុំឱ្យមានការព្រួយបារម្ភ ព្រោះបេក្ខជនដែលមានសមត្ថភាពពិតប្រាកដនឹងទទួលបានជោគជ័យ។ ដើម្បីជាការសម្រួលទុក្ខធុរៈ រដ្ឋបាលខេត្តបានសម្រេចផ្តល់ការឧបត្ថម្ភអាហារចំនួន ៦ ពេល ព្រមទាំងរៀបចំកន្លែងស្នាក់នៅជូនដល់បេក្ខជនដែលមានជីវភាពខ្វះខាត និងបេក្ខជនដែលធ្វើដំណើរមកពីឆ្ងាយ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូ ១ គ្រឿង ជូនដល់បេក្ខជនដែលប្រឡងជាប់និទ្ទេស A ម្នាក់ៗផងដែរ។ ដើម្បីឱ្យដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយបរិយាកាសរីករាយ និងគ្មានការព្រួយបារម្ភ រដ្ឋបាលខេត្តបានឧបត្ថម្ភអាហារហូបចុកជូនដល់កងកម្លាំងការពារ និងយុវជនស្ម័គ្រចិត្ត, ឧបត្ថម្ភទឹកបរិភោគជូនគ្រប់មណ្ឌលប្រឡងទាំង ៥ សម្រាប់បេក្ខជន និងគណៈកម្មការ ព្រមទាំងរៀបចំសេវាកម្មផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃនៅគ្រប់មណ្ឌលទាំងអស់ផងដែរ៕

 

អត្ថបទ៖ មន សូត្រ