ភាពធ្វេសប្រហែសពីការដុតស្មៅស្ងួតៗរបស់អ្នកស្រុកម្នាក់ បណ្តាលឱ្យមានភ្លើងឆេះព្រៃដ៏ធំនៅជិតរដ្ឋធានីអាល់បានី! បង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សចេញរយៈពេល២ថ្ងៃហើយ

ក្រុមពន្លត់អគ្គីភ័យ ឧទ្ធម្ភាគចក្រ និងកម្លាំងយោធាបានធ្វើការពេញមួយយប់ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃដ៏ធំមួយ ដែលបានឆាបឆេះនៅលើភ្នំ Kruje ខណៈដែលអាជ្ញាធរបានជម្លៀសប្រជាជនចេញពីភូមិឋានជាច្រើន និងបានចាប់ខ្លួនបុរសម្នាក់ ដែលសង្ស័យថាបានបង្កឱ្យមានភ្លើងឆាបឆេះដោយចៃដន្យ។ ឧទ្ធម្ភាគចក្រយោធាចំនួន៣គ្រឿង បានជួយដល់ក្រុមអ្នកពន្លត់អគ្គីភ័យ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃនោះ ដោយប្រតិបត្តិការពន្លត់អគ្គីភ័យនៅតែបន្តទាំងនៅលើដី និងពីលើអាកាស ខណៈដែលចំនោតដីបានបង្ករការលំបាក ដើម្បីចូលទៅសង្រ្គោះ។ ប្រជាជនមកពីតំបន់ Barabit-Lluban ក្នុងក្រុង Kruje ត្រូវបានជម្លៀសចេញពេញមួយយប់ បន្ទាប់ពីភ្លើងបានរាលដាលដល់តំបន់ ដែលមានប្រជាជនរស់នៅ។ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថាបានបង្កឱ្យមានភ្លើងឆេះព្រៃ បន្ទាប់ពីរូបគេបានដុតស្មៅស្ងួតនៅជិតផ្ទះដោយធ្វេសប្រហែសកាលពីថ្ងៃសៅរ៍។ យោងតាមប៉ូលីសបញ្ជាក់ទៀតថា អណ្តាតភ្លើងបានរាលដាលហួសពីការគ្រប់គ្រងដោយសារតែវាមានខ្យល់បក់ខ្លាំង ហើយបន្តបានទៅដល់ភ្នំ Kruje ដែលគំរាមកំហែងដល់សហគមន៍ក្បែរខាងនោះ ជាហេតុធ្វើឲ្យមានភ្លើងឆេះព្រៃដែលមានចម្ងាយប្រហែល៣៨គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Tirana ចាប់តាំងពីរសៀលថ្ងៃសៅរ៍នោះមក៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ