ទូតអង់គ្លេសនៅកម្ពុជាបង្ហាញនូវមោទនភាពបន្ទាប់ពីនាយទាហានវ័យក្មេងខ្មែរម្នាក់ទៀតបានបញ្ចប់ការសិក្សាដោយជោគជ័យពីរាជបណ្ឌិតសភាយោធានៅចក្រភពអង់គ្លេស

ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវមោទនភាព និងអបអរសាទរភាពជោគជ័យរបស់នាយទាហាន ផន មុតសុក្រឆពណ្ណ ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ និងប្រកបដោយជោគជ័យក្រោយធ្វើការសិក្សានៅរាជបណ្ឌិតសភាយោធាRoyal Military Academy  Sandhurst ប្រទេសអង់គ្លេស អស់រយៈពេលបីឆ្នាំមកនោះ។

  តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានលើកឡើងនា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះថា សូមអបអរសាទរដល់នាយទាហាន ផន មុតសុក្រឆពណ្ណ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅរាជបណ្ឌិតសភាយោធា Sandhurst និងទទួលបានមេដាយ Sandhurst នៅពេលបញ្ចប់ការសិក្សា។

  ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថាសមិទ្ធផលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងព្រីតថេន និងកម្ពុជា។ ស្ថានទូតបានសរសេរទៀតថានាយទាហាន ផន មុតសុក្រឆពណ្ណ គឺជានាយទាហានកម្ពុជាទីបី ដែលបានបញ្ចប់ការសិក្សាពីសាលា Sandhurst ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដែលបង្ហាញពីភាពរឹងមាំកាន់តែខ្លាំងឡើងនៃកិច្ចសហប្រតិបត្តិការការពារជាតិ ទំនាក់ទំនងអប់រំយោធាវិជ្ជាជីវៈ និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងប្រទេសយើងទាំងពីរ។

សាលា Sandhurst ត្រូវបានគេទទួលស្គាល់ជាយូរមកហើយសម្រាប់ការអភិវឌ្ឍមេដឹកនាំយោធានាពេលអនាគតពីជុំវិញពិភពលោក។បទពិសោធន៍ដែលទទួលបានដោយនិស្សិតបញ្ចប់ការសិក្សា កម្ពុជាជួយកសាងបណ្តាញវិជ្ជាជីវៈ ពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងពង្រឹងការយល់ដឹងរវាងកងកម្លាំងប្រដាប់អាវុធរបស់យើង(កម្ពុជា-អង់គ្លេស)

តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសបុក ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើង ទៀតថា«យើងមានមោទនភាពក្នុងការអបអរសាទរភាពជោគជ័យរបស់នាយទាហាន ផន មុតសុក្រឆពណ្ណ និងសូមជូនពរឱ្យទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគតជាមួយកងយោធពលខេមរភូមិន្ទ»៕