ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្តីពីផែនការសកម្មភាពសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែង។
នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពក្រុមការងារឈូសឆាយដីសម្រាប់ត្រៀមសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន នៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ឯកឧត្តម គន់ គីម បានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, គណៈកម្មាធិការកណ្តាលសមាគម និងគណៈកម្មាធិការសមាគមខែត្ត បានចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ដើម្បីសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម គន់ គីម បានឱ្យដឹងទៀតថា តាមរយៈរបាយការណ៍ពិនិត្យជាក់ស្តែងចំនួនគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលត្រូវសាងសង់ផ្ទះជូនរហូតដល់ចំនួន១២៤ខ្នង។ ក្នុងន័យនេះ ឯកឧត្តម គន់ គីម នឹងខិតខំកៀគរថវិកាដើម្បីឱ្យការសាងសង់ជោគជ័យសម្រេចបានតាមសំណើស្ថិតិជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។
ពាក់ព័ន្ធដីសម្បទានសង្គមកិច្ច ឯកឧត្តម គន់ គីម សំណូមពរដល់ប្រជាពលរដ្ឋដែលបានទន្ទ្រានលើទីតាំងដីដែលរាជរដ្ឋាភិបាលផ្តល់ឱ្យសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនសមាគមវិញ ដើម្បីប្រើប្រាស់សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន។
សូមជម្រាបថា ខេត្តស្ទឹងត្រែង មានអតីតយុទ្ធជនចំនួន ១,៥៥០នាក់ និងនិវត្តជនចំនួន ៣៨៨នាក់ ដោយក្នុងនោះអតីតយុទ្ធជន មានដីអត់ផ្ទះចំនួន ៩៤នាក់ អត់ដីអត់ផ្ទះចំនួន ២៤នាក់ ផ្ទះមិនសមរម្យចំនួន ៣២នាក់ និងនិវត្តជន អត់ដីអត់ផ្ទះចំនួន ៤នាក់៕







