ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពង្រឹងសមត្ថភាពក្រុមការងារស្ថានីយជញ្ជីងអចល័ត និងប្រគល់ប្រកាសផ្ទេរភារកិច្ចមន្ត្រីប្រចាំការ តាមស្ថានីយថ្លឹងយានយន្ត នៃទីតាំងមួយចំនួន ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ដោយទទួលបានការណែនាំពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន – ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ចុះពង្រឹងសមត្ថភាពក្រុមការងារស្ថានីយជញ្ជីងអចល័ត និងប្រគល់ប្រកាសផ្ទេរភារកិច្ចមន្ត្រីប្រចាំការតាមស្ថានីយថ្លឹងយានយន្ត នៃទីតាំងមួយចំនួន ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។
យោងតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គឺត្រូវបានផ្ទេរភារកិច្ច ៖
១- លោក ស៊ិន សារ៉ុន ពីអនុប្រធានស្ថានីយកូនដំរី ខេត្តបន្ទាយមានជ័យ ទៅជាអនុប្រធានស្ថានីយអង្គស្នួល ខេត្ត កណ្តាល ។
២- លោក ទេព សារ៉ន ពីអនុប្រធានស្ថានីយ ពោធិ៍ថ្មី ខេត្តកំពង់ស្ពឺ ទៅជាអនុប្រធានស្ថានីយ ត្រពាំងក្រហម ខេត្តរតនគិរី ។
៣- លោក ប៊ី សំណាង ពីអនុប្រធានស្ថានីយឃ្លាំងសម្បត្តិ ខេត្តតាកែវ ទៅជាអនុប្រធានស្ថានីយពោធិ៍ថ្មី ខេត្ត កំពង់ស្ពឺ ។
៤- លោក សឿង ធី ពីសមាជិកស្ថានីយអូរពោធិ៍ ខេត្តព្រះវិហារ ទៅជាសមាជិកស្ថានីយបាវិត ខេត្តស្វាយរៀង ។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសូមបន្តចូលរួមអនុវត្តកិច្ចការងារដែលថ្នាក់ដឹកនាំបានប្រគល់ជូន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមគោលការណ៍ និងសេចក្តីណែនាំរបស់ក្រសួង កុំអោយមានការដឹកលើសទម្ងន់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ជាពិសេសការអនុវត្តរបស់ស្ថាប័នពាក់ព័ន្ធ មិនត្រូវឃុបឃិតគ្នាឡើយ បើមន្ត្រីណាឃុបឃិតជាមួយអ្នកដឹកលើសទម្ងន់កម្រិតកំណត់ យកលុយបិទបាំង និងប្រព្រឹត្តខុសច្បាប់ នឹងទទួលទោសទៅតាមច្បាប់កំណត់ ៕







