អាគារពិនិត្យ និងព្យាបាលទារក និងកុមារកម្ពស់ ៦ជាន់របស់មូលនិធិគន្ធបុប្ផាកម្ពុជា បាននឹងកំពុងសាងសង់ដើម្បីកាត់បន្ថយការប្រើប្រាសគ្រែរួមគ្នា ខាងមុខនេះ។

បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដោយមានការតម្រង់ទិស និងណែនាំដោយផ្ទាល់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, អគារថ្មីកម្ពស់ ៦ ជាន់ ក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ត្រូវបានចាប់ផ្ដើមសាងសង់ ដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេសដើម្បីសម្រួលដល់ការពិនិត្យ និងព្យាបាលទារក និងកុមារ ក៏ដូចជាកាត់បន្ថយអត្រាខ្ពស់នៃការប្រើប្រាស់គ្រែរួមគ្នា។

អគារថ្មីកម្ពស់ ៦ជាន់នេះ មានសមត្ថភាពផ្ទុកគ្រែបានចំនួនប្រមាណ ២០០ បន្ថែមលើគ្រែចំនួន ២ ១៦១ ដែលមន្ទីរពេទ្យគន្ធបុប្ផាមានបច្ចុប្បន្ន។ តាមរបាយការណ៍វឌ្ឍនភាព, ការសាងសង់អគារនេះសម្រេចបាន ៥% បន្ទាប់ពីបានបើកការដ្ឋាន និងចាប់ផ្ដើមសាងសង់កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

មូលនិធិគន្ធបុប្ផានឹងបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់អគារនេះ ជូនសប្បុរសជន និងសាធារណជន ជាបន្តបន្ទាប់ទៀត នៅពេលក្រោយ។ រាល់ការបរិច្ចាគថវិកាតិចក្ដី ច្រើនក្ដី ក្នុងស្មារតី “ខ្មែរជួយខ្មែរ” សុទ្ធតែមានតម្លៃដ៏ធំធេង ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសសកម្មជួយសង្រ្គោះជីវិតទារក និងកុមារកម្ពុជា ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕