លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ និងផែនការសន្តិសុខ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ៏ ទី៤ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦ និងផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តម DATO’ SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេសុី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងខែកក្កដាកងរាជអាវុធហត្ថបានសហការការពារសន្តិសុខ រក្សាសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល គណៈប្រតិភូជាតិ-អន្តរជាតិ កិច្ចប្រជុំធំ-តូច ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ/ផ្លូវការ ពិធីសម្ពោធសមិទ្ធផលនានាទាំងផ្នែកពុទ្ធចក្រ អាណាចក្រ ពិធីបុណ្យជាតិ បុណ្យសាសនា និងពិធីបុណ្យសំខាន់ៗ និងការចូលសំចតនាវាយោធាបរទេសនៅកំពង់ផែរាម និងកំពង់ផែស្វ័យត ខេត្តព្រះសីហនុ។ ក្រៅពីនេះកម្លាំងកងរាជអាវុធហត្ថក៏បានចូលរួមចំណែកនៅក្នុងកិច្ចសហការដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) សហការស្រាវជ្រាវរកទីតាំងជនសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សហការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរ សហការការពារសន្តិសុខជូនជនបរទេសពាក់ព័ន្ធស្កេមអនឡាញ បង្រ្កាបករណីជួញដូរមនុស្ស ជួញដូរគ្រឿងញៀន…។ល។ ទន្ទឹមនោះកម្លាំងកងរាជអាវុធហត្ថក៏បានចូលរួមក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ បាក់ច្រាំងទន្លេជាដើម។

ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេសុី ដឹកនាំដោយឯកឧត្តម DATO’ SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេសុី នឹងប្រព្រឹត្តិទៅពីថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូយោធាជាន់ខ្ពស់ម៉ាឡេសុីនឹងមានជំនួបសម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។

ក្រៅពីនេះលោកឧត្តមសេនីយ៍ទោមេបញ្ជាការរង និងជានាយសេនាធិការ ក៍បានធ្វើការរំលឹកទៅដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ឱ្យយកចិត្តទុកដាក់នៅក្នុងកិច្ចការងារការពារសន្តិសុខកិច្ចប្រជុំនានានៅក្នុងខែសីហានេះមានជាអាទ៍ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ អាស៊ានបូកបីលើកទី៨ និងកិច្ចការមុខងារសាធារណៈនិងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៤-២០២៦ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប ពិធីប្រកួតកីឡាបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត(ថ្ងៃទី០៣/សីហា/២០២៦) ការពារសន្តិសុខជូនឯកឧត្តម DATO’ SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេសុី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា(ថ្ងៃទី៦-៧/សីហា/២០២៦) ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្ងៃទី១០-១១/សីហា/២០២៦) ការចូលសំចតនាវាកងទ័ពជើងទឺកអង់គ្លេស នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក(ថ្ងៃទី១៥-៣០/សីហា/២០២៦) ពិធីប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិ ដើម្បីត្រៀមមុនបើករដូវកាលឆ្នាំ២០២៦-២០២៧ នៅពហុកីឡដ្ឋានជាតិមរតកតេជោ(ថ្ងៃទី១២ ១៥ ១៨ និង២១/សីហា/២០២៦) និងសន្និសីទប្រធានសភានៃអន្តរសភា(ISC) លើកទី២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦-២៩/សីហា/ឆ្នាំ២០២៦ខាងមុខនេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយផងដែរ។