ជនជាតិទីបេនៅទីក្រុង Mumbai ប្រទេសឥណ្ឌាបានមកជួបជុំគ្នាដើម្បីស្រែកប្រឆាំងនឹងច្បាប់គាបសង្កត់លើវប្បធម៌ទីបេនិងបដិសេធនូវសិទ្ធិជាមនុស្សរបស់ពួកគេ
សកម្មជនសមាជយុវជន ទីបេរាប់សិបនាក់បានតវ៉ានៅជិតស្ថានកុងស៊ុលចិននៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា ដើម្បីប្រឆាំងនឹងច្បាប់របស់ចិនដែលលើកកម្ពស់នូវអ្វីដែលទីក្រុងប៉េកាំងហៅថា «ឯកភាពជាតិសាសន៍»។ ក្រុមអ្នកតវ៉ាបានស្រែកពាក្យស្លោកដូចជា «ទីបេគឺសេរី» មុនពេលពួកគេខ្លះត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន។ ប្រទេសចិនបានអនុម័តច្បាប់ទូលំទូលាយមួយកាលពីខែមីនានេះ ដើម្បីលើកកម្ពស់អ្វីដែលខ្លួនហៅថា «ឯកភាពជាតិសាសន៍» ដែលជាវិធានការមួយនេះ ត្រូវបានរងនូវការរិះគន់ចំពោះសិទ្ធិរបស់ក្រុមជនជាតិភាគតិចមួយចំនួនកាន់តែថយចុះដែរ ខណៈដែលអាជ្ញាធរកំពុងជំរុញឱ្យមានការរួមបញ្ចូលគ្នាឡើងវិញ។ សមាជយុវជនទីបេបានស្តីបន្ទោស និងបង្ហាញការមិនពេញចិត្តចំពោះការគាបសង្កត់លើវប្បធម៌ទីបេ និងបដិសេធនូវសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាជននៅទីបេ។ ព្រះសង្ឃដាឡៃឡាម៉ា គឺជាមេដឹកនាំខាងវិញ្ញាណទីបេ – បានធ្វើឱ្យទីក្រុងដារ៉ាមសាឡា ដែលស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌាក្លាយជាទីស្នាក់ការកណ្តាលរបស់លោកចាប់តាំងពីរូបលោករត់គេចពីតំបន់ទីបេរបស់ចិនមក និងបន្ទាប់ពីការបះបោរយ៉ាងបរាជ័យប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ ១៩៥៩។ ចំណែកប្រទេសឥណ្ឌាវិញបានចាត់ទុកតំបន់ទីបេ ជាផ្នែកមួយនៃប្រទេសចិន ទោះបីជាពួកគេយល់ព្រមទទួលជនភៀសខ្លួនទីបេរាប់ម៉ឺននាក់ក៏ដោយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ








