ឯកឧត្តម នេត្រ ភក្ត្រា បើកវគ្គបណ្ដុះបណ្ដាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន» លើកទី៩ ជំរុញការប្រើប្រាស់ AI ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌
ភ្នំពេញ៖ ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ក្រសួងព័ត៌មានបានបន្តពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឱ្យអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយប្រសិទ្ធភាព ទំនួលខុសត្រូវ និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈ។
ដើម្បីពង្រឹងលើកិច្ចការងារនេះ ក្រសួងព័ត៌មាន បានផ្តល់ការគាំទ្រដល់សមាគមសារព័ត៌មានចំនួន៣ ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន» លើកទី៩ ដែលផ្តោតលើការប្រើប្រាស់ AI ក្នុងវិស័យសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នាសាលបណ្ដុះបណ្ដាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្ដីការក្រសួង ក្រោមអធិតីភាព
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមចំនួន ១៨០នាក់ មកពី ៥០អង្គភាពសារព័ត៌មាន ធ្វើឡើងរយៈពេលពេញ១ថ្ងៃ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញរបស់អ្នកសារព័ត៌មាន ឱ្យអាចសម្របខ្លួនទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាននាឱកាសនេះ គឺជាការបន្តកសាងធនធានមនុស្សឱ្យមានសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលនៃបរិយាកាសសារព័ត៌មានសកល និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន ពង្រឹងទំនុកចិត្តសាធារណជន និងរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់តែទំនើប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។
បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាឧបករណ៍ដ៏មានសក្តានុពលក្នុងការស្រាវជ្រាវព័ត៌មាន ផលិតខ្លឹមសារ បកប្រែភាសា កែសម្រួលអត្ថបទ និងបង្កើនប្រសិទ្ធភាពការងារសារព័ត៌មាន។
ទន្ទឹមនឹងអត្ថប្រយោជន៍ដ៏ច្រើន AI ក៏បានបង្កើតនូវបញ្ហាប្រឈមថ្មីៗផងដែរ ដូចជាការរីករាលដាលព័ត៌មានក្លែងក្លាយ (Fake News) ខ្លឹមសារកែច្នៃ (Deepfake) និងបញ្ហាទាក់ទងនឹងសុចរិតភាពព័ត៌មាន។ ដូច្នេះ អ្នកសារព័ត៌មានត្រូវមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ប្រើប្រាស់ AI ជាឧបករណ៍ជំនួយ មិនមែនជំនួសការវិនិច្ឆ័យ និងការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននោះឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយទំនើប វិស័យសារព័ត៌មាន បាននឹងកំពុងមានការប្រែប្រួលយ៉ាងសកម្ម ទាំងក្នុងការផលិត ការផ្សព្វផ្សាយ និងការទទួលព័ត៌មាន។ សារព័ត៌មាន បានក្លាយជាកម្លាំងស្នូលមួយក្នុងការផ្តល់ព័ត៌មានពិត ការលើកកម្ពស់ការយល់ ដឹងរបស់សាធារណជន និងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការ អភិវឌ្ឍ ប្រទេសជាតិ។ ប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល បានរួមចំណែកបង្កើនល្បឿននៃការជំរុញព័ត៌មានដល់ប្រជាពលរដ្ឋ កាន់តែរហ័ស និងងាយ ស្រួល ប៉ុន្តែវាក៏បានបង្កើននូវការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយដែលគំរាមកំហែងដល់ គុណភាព វិជ្ជាជីវៈសារព័ត៌មាន ការបាត់បង់ ទំនុកចិត្តការបង្កចលាចលនៅក្នុងសង្គម និង បញ្ហាប្រឈមនានា ។ ដូច្នេះ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅតែជាអាទិភាពរបស់យើងដើម្បីធានាបាននូវការចែករំលែក ព័ត៌មានពិតដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មាន ក្លែងក្លាយ ជំហានទី១ និងជំហានទី២ ដើម្បី លើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេស យុវវ័យកម្ពុជា សំដៅធានាបាននូវសុវត្ថិភាព ព័ត៌មានក្នុងសង្គមកម្ពុជា។
គូរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះរៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ជាមួយ សមាគមសម្ព័ន្ធយុវជនអ្នកសារព័ត៌មានដើម្បីសន្តិភាព និងសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព សហការគាំទ្រពីក្រសួងព័ត៌មាន ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី៩ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈអ្នកសារព័ត៌មាន ឱ្យស្របតាមការវិវឌ្ឍន៍នៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងពង្រឹងគុណភាពការរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវ ។
ប្រធានបទសិក្សាសំខាន់ៗរួមមាន៖ អក្ខរកម្មបញ្ញាសិប្បនិម្មិតសម្រាប់អ្នកសារព័ត៌មាននិងការប្រើប្រាស់ AI ប្រកបដោយ ទំនួលខុសត្រូវ។ .ការផ្ទៀងផ្ទាត់ព័ត៌មាន (Fact-checking) និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ .ការរាយការណ៍ព័ត៌មានក្នុងស្ថានភាពវិបត្តិ និងជម្លោះ ដោយគោរពតាមស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន។ . វិធីសាស្ត្រប្រើស្មាតហ្វូនសម្រាប់ថតរូបនិងវីដេអូ កាត់តនិងផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាព។ .ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានក្នុងយុគសម័យឌីជីថល៕







