អាជ្ញាធរខេត្តមណ្ឌលគិរី ដាំកូនឈើចំនួន ៥ពាន់ដើម តាមដងផ្លូវជាតិ នាឱកាសបុណ្យ រុក្ខទិវា ៩ កក្កដា ដើម្បីឱ្យមានភាពស្រស់បំព្រង និងមានសោភណ្ឌ័ភាពបរិស្ថាន
ខេត្តមណ្ឌលគិរី ៖ ដើម្បីបំផុសឲ្យយើងទាំងអស់គ្នា ចូលរួមដាំដើមឈើឡើងវិញនៅគ្រប់ទីកន្លែង សម្រាប់អនាគត់កូនចៅជំនាន់ក្រោយ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ខណ្ឌ រដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត និងអាជ្ញាធរក្រុងសែនមនោរម្យ ប្រារព្វពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី រួមទាំងមានការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។
ឯកឧត្តម គង់ គឹមនី មានប្រសាសន៍ អំពីអត្ថប្រយោជន៍ដ៏មហាសាលនៃព្រៃឈើ និងបានបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមដាំ ថែរក្សា និងការពារធនធានធម្មជាតិ។ ឯកឧត្តម បានបន្តថា ការជ្រើសរើសទីតាំងដាំកូនស្រល់ និងកូនឈើចម្រុះ តាមសងខាងផ្លូវជាតិនាពេលនេះ គឺមិនត្រឹមតែជួយបង្កើនគម្របព្រៃឈើបៃតង និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលម្អសោភណភាពដងផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ឱ្យកាន់តែមានភាពទាក់ទាញ និងស្រស់បំព្រង ក្នុងការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ និងការដាំស្តារព្រៃឈើឡើងវិញ ទប់ស្កាត់ និងបង្ក្រាបការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការទន្ទ្រានដីព្រៃ។ ត្រូវជំរុញការផ្លាស់ប្តូរការប្រើប្រាស់ថាមពល ទៅជាប្រភពថាមពលស្អាត និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង និងការរៀបចំហិរញ្ញវត្ថុបៃតង។ បន្ថែមលើសនេះ ឯកឧត្តម គង់ គឹមនី ក៏បានអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យរួមគ្នារក្សា និងស្រោចទឹកកូនឈើដែលបានដាំរួចឱ្យលូតលាស់ល្អ ព្រមទាំងត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ឆ្ការ រានដីព្រៃ ឬទន្ទ្រានយកដីព្រៃឈើខុសច្បាប់ ដើម្បីរួមចំណែកអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា និងធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។
លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងឱកាសបុណ្យរុក្ខទិវាឆ្នាំនេះ ខេត្តសម្រេចកំណត់យកទីតាំង ស្ថិតក្នុងភូមិអូរស្ពាន ដើម្បីរៀបចំប្រារព្ធពិធីបុណ្យ រុក្ខទិវា ថ្នាក់ខេត្ត និងបានជ្រើសរើសយកកូនឈើប្រភេទស្រល់ ចំនួន ៥ពាន់ដើម សម្រាប់ដាំដុះតាមសងខាងដងផ្លូវសាធារណៈពីចំណុចផ្លូវបំបែកដាក់ដាំ ផ្លូវជាតិលេខ៧៦ ក្រុងសែនមនោរម្យ ដល់ចំណុចប៉ុស្តិ៍ច្រកទ្វារទ្វេភាគីដាក់ដាំព្រំដែនកម្ពុជា-វៀតណាម និងកូនឈើចម្រុះប្រភេទចំនួន ៤៥០ដើម សម្រាប់ចែកចាយក្នុងកម្មវិធី។
សូមបញ្ជាក់ថា បុណ្យ រុក្ខទិវា ត្រូវបានប្រារព្វជារៀងរាល់ឆ្នាំ ជាកស្តែង នៅដើមឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលព្រៃឈើ បានបណ្តុះ កូនឈើចម្រុះប្រភេទបានចំនួន ១ ១២០០ដើម ដោយបានចែកចាយជូនសាលារៀន វត្តអារាម ប្រជាជន និងមន្ទីរជំនាញជុំវិញខេត្ត៕







