ចិន បោះទុនវិនិយោគឧស្ម័នទាញចេញពីខ្យល់មុនគេ នៅខេត្តកំពង់ស្ពឺ ដើម្បីបម្រើដល់វិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាល
ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុនJINDING AIR LIQUEFACTION (CAMBODIA)CO.,LTD បានបង្កើតរោងចក្រផលិតឧស្ម័នដែលទាញចេញពីខ្យល់មុនគេនៅខេត្តកំពង់ស្ពឺ ដែលគ្រោងសម្ពោធដាក់ឱ្យដំណើរនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ខាងមុខ នេះបើយោងតាមសម្តីរបស់Mr. Chen Zonghui នាយកក្រុមហ៊ុនក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ។
លោក Chen Zonghui បានឱ្យដឹងថា ក្រុមហ៊ុនJINDING AIR LIQUEFACTION (CAMBODIA) CO., LTD គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលដាក់ទុនវិនិយោគលើឧស្ម័នអ៊ីត្រូសែន កាបូន និងអុកស៊ីសែន ដើម្បីបម្រើឱ្យវិស័យចំនួនបីគឺឧស្សាហកម្ម កសិកម្មនិងសុខាភិបាល ដែលប្រភពវត្ថុធាតុដ៏ធំសម្រាប់ទ្រទ្រង់ដល់ការផលិតគឺខ្យល់បរិយាកាសធម្មជាតិ។
លោក Chen Zonghui ថា កន្លងមកឧស្ម័នត្រូវបាននាំចូលពីប្រទេសជិតខាងដើម្បីបម្រើឱ្យវិស័យទាំងបីនេះ តែបច្ចុប្បន្នក្រោយរោងចក្រដំណើរការការនាំចូលលែងមានទៀតហើយ គឺក្រុមហ៊ុនផលិតនិងបង្កើតឧស្ម័នទ្រង់ទ្រាយធំ ដើម្បីធានាដល់ការប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ហើយនិងបន្តនាំចេញទៅកាន់ប្រទេសមួយចំនួននៅឆ្នាំបន្ទាប់ផងដែរ។
នៅក្នុងនោះជំនួបនោះដែរ នាយកក្រុមហ៊ុនJINDING AIR LIQUEFACTION (CAMBODIA) CO.,LTD ក៏បានគូសបញ្ជាក់ផងដែរថា ការជ្រើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅគឺដោយសារតែខេត្តនេះមានសក្តានុពលសំបូរបែប ទីតាំងភូមិសាស្ត្រអំណោយផលដល់ការដឹកជញ្ជូន និងមានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់បម្រើដល់ដំណើរការផលិតកម្ម ហើយពិសេសជាងនេះគឺគោលនយោបាយដឹកនាំរបស់ថ្នាក់ដឹកនាំខេត្តមានលក្ខណៈល្អប្រសើរ មានសុខសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកវិនិយោគទុន។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺក៏បានសម្តែងនូវការសាទរចំពោះវត្តមានអ្នកវិនិយោគដែលសម្រេចយកខេត្តនេះជាគោលដៅ និងជឿជាក់លើការដឹកនាំរបស់រដ្ឋបាលខេត្ត ពិសេសលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតីជានាយករដ្ឋមន្ត្រី។ក្នុងនាមរដ្ឋបាលខេត្តសូមលើកទឹកចិត្តនិងចាំសម្រួលគ្រប់នីតិវិធីដល់ធុរជនទាំងអស់ ធ្វើយ៉ាងណាឱ្យដំណើរការនៃការវិនិយោគបានរលូននិងមានភាពប្រសើរឡើង៕







