ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ ជូនគ្រប់ស្ថាប័នអនុវត្តលទ្ធកម្ម។សិក្ខាសាលានេះដឹកនាំដោយបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និងឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មាធិការលទ្ធកម្ម, ប្រធានអង្គភាពលទ្ធកម្ម, និងតំណាងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួង ស្ថាប័ន, សហគ្រាសសាធារណៈនិងគ្រឹះស្ថានសាធារណៈរដ្ឋបាល, និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចូលរួមផ្ទាល់នៅសណ្ឋាគារ សុខា ភ្នំពេញ សរុបប្រមាណ ៣១០នាក់ និងរដ្ឋបាលរាជធានី ខេត្ត, រដ្ឋបាលក្រុង ស្រុក ខណ្ឌ, និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញដែលជាមន្ទីរជំនាញរាជធានី ខេត្តចូលរួមតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កម្មវិធី Zoom សរុបប្រមាណ ៩៨៥នាក់។គោលបំណងនៃការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈចំនួន ២ រួមមាន៖ ១. ប្រកាសលេខ ១៧៨ សហវ.ប្រក.អលសា ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្តីពីការផ្តល់កម្រិតទឹកប្រាក់សិទ្ធិ សម្រេចលទ្ធកម្មសាធារណៈ ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល, និង ២. ប្រកាសលេខ ៣៩៣ សហវ.ប្រក.អលសា ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីផែនការលទ្ធកម្ម។បណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រសួង ស្ថាប័ន, សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល, រដ្ឋបាលរាជធានី ខេត្ត, រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងតំណាងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំងអស់, ព្រមទាំងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលឆ្លៀតពេលដ៏មានតម្លៃអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈចំនួន ២នាព្រឹកនេះ ទាំងនៅសណ្ឋាគារសុខាភ្នំពេញផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កម្មវិធី Zoom។លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបំពេញមុខងារជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ ហើយយុទ្ធសាស្ត្រនេះត្រូវបានរាជរដ្ឋាភិបាលអនុម័តនិងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក។យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ បានកំណត់អំពីផែនទីចង្អុលផ្លូវ ក្របខណ្ឌពេល និងសកម្មភាពកែទម្រង់សំខាន់ៗពាក់ព័ន្ធមួយចំនួនផ្សេងទៀត ដែលក្នុងនោះក៏មានពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈផងដែរ។ ហេតុនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាំបាច់បន្តរៀបចំធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណង ដើម្បីកែលម្អ និងពង្រឹងបន្ថែមលើសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានពីការអនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ តាមរយៈការកែទម្រង់សមាសធាតុគន្លឹះៗមួយចំនួនថែមទៀត ពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣ ផងដែរ។ថ្លែងក្នុងពិធីនេះដែរ, អគ្គនាយក ង៉ាន់ ភិរម្យ ក៏បានធ្វើការសង្ខេបខ្លឹមសារសំខាន់ៗ ក្នុងឯកសារយុទ្ធសាស្រ្តបច្ចុប្បន្នកម្ម និងលិខិតបទដ្ឋានគតិយុត្តទាំង២ខាងលើ។លើសពីនេះ លោកជាវាគ្មិន បានធ្វើបទបង្ហាញលម្អិតនៃខ្លឹមសារ ដែលមានចែងក្នុងឯកសារយុទ្ធសាស្រ្តបច្ចុប្បន្នកម្ម និងលិខិតបទដ្ឋានគតិយុត្តទាំង២ជូនអង្គសិក្ខាសាលា។អង្គសិក្ខាសាលាបានត្រង់ត្រាប់ស្តាប់បទបង្ហាញ និងបានចោទសួរជាសំណួរល្អៗដើម្បីធានាឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។បណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានវាយតម្លៃខ្ពស់ចំពោះលោក ង៉ាន់ ភិរម្យ អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងសហការី ដែលបានខិតខំប្រឹងប្រែងរៀបចំឯកសារយុទ្ធសាស្ត្របច្ចុប្បន្នកម្ម និងលិខិតបទដ្ឋានគតិយុត្តទាំង២នេះ និងបានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយនាព្រឹកនេះប្រកបដោយជោគជ័យ។លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណជូនចំពោះលោក លោកស្រី ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រឹកនេះ។