ភ្លើងឆេះព្រៃនៅអឺរ៉ុបកាន់តែរាលដាល! ខណៈឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យបានបញ្ជូនទឹកចេញពីសមុទ្រដើម្បីស្រោចពន្លត់ភ្លើងឆេះព្រៃ នៅភាគខាងត្បូងចក្រភពអង់គ្លេស

កាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ ក្រុមពន្លត់អគ្គីភ័យបានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃដ៏ធំមួយនៅ Dunwich Heath ក្នុងទីក្រុង Suffolk ភាគខាងកើតប្រទេសអង់គ្លេស។ ផ្ទះសម្បែង និងរថយន្តក្រុងនៅក្បែរនោះត្រូវបានជម្លៀសចេញភ្លាមៗ។ អ្នកពន្លត់អគ្គីភ័យជាង៩០នាក់កំពុងដោះស្រាយបញ្ហាភ្លើងឆេះព្រៃនៅជិតឆ្នេរសមុទ្រភាគខាងកើត ដោយមនុស្សរាប់សិបនាក់ត្រូវបានគេជម្លៀសចេញពីផ្ទះសម្បែង ចេញពីខ្ទមវិស្សមកាល និងឧទ្យានផ្ទះចល័ត។ ពាក់កណ្តាលនៃប្រទេសអង់គ្លេសពេលនេះកំពុងរងទុក្ខដោយគ្រោះរាំងស្ងួតបន្ទាប់ពីគ្មានភ្លៀងធ្លាក់រយៈពេលជាងមួយខែមកនេះនៅក្នុងតំបន់ជាច្រើន។ ឧប្បត្តិហេតុដ៏ធំមួយត្រូវបានអាជ្ញាធរចក្រភពអង់គ្លេសប្រកាសនៅលើឆ្នេរសមុទ្រ Suffolk របស់ប្រទេសនេះ បន្ទាប់ពីមានភ្លើងឆេះព្រៃបានផ្ទុះឡើង នេះបើយោងតាមការចុះផ្សាយរបស់ Sky News កាលពីថ្ងៃព្រហស្បតិ៍។ ភ្លើងបានឆាបឆេះនៅ Dunwich Heath ជិត Leiston ចាប់ពីព្រឹកព្រលឹមថ្ងៃពុធមក ដោយអ្នកស្រុកត្រូវបានជំរុញឱ្យពលរដ្ឋជៀសវាងទៅកាន់តំបន់នោះ និងបិទបង្អួច និងទ្វាររបស់ពួកគេដើម្បីកុំឲ្យផ្សែងឆេះព្រៃចូលទៅខាងក្នុង។ ប្រទេសនៅតំបន់អឺរ៉ុបផ្សេងទៀតក៏រងនូវគ្រោះថ្នាក់ភ្លើងឆេះព្រៃរយៈពេលជាង២សប្តាហ៍មកហើយមានដូចជាបារាំង និងអេស្ប៉ាញក៏កំពុងបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃយ៉ាងមមាញឺក ដោយអឺរ៉ុបគឺជាទ្វីបមួយដែលងាយឡើងកំដៅលឿនបំផុតលើពិភពលោក ដោយកំដៅលើសពី២ដងនៃមធ្យមភាគសកល នេះបើយោងតាមសេវាកម្មអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប៕

សម្រួលអត្ថបទ៖ សុផារិន្ទ