ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិភាក្សាលើ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥»

នាព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម   អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិភាក្សាលើ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ។  ជាសាវតារ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥» កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៥ ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដោយមានការកំណត់យុទ្ធសាស្រ្តគន្លឹះចំនួន ៤ រួមមាន៖ ១. ការកៀរគរ និងទាក់ទាញវិនិយោគ, ២. ការអភិវឌ្ឍ និងទំនើបកម្មសហគ្រាសធុនតូចនិងមធ្យម, ៣. ការកែលម្អបរិស្ថាបនិយ័តកម្ម និង ៤. ការសម្របសម្រួលគោលនយោបាយគាំទ្រ ។

ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត, រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាស្ថាប័នបង្គោល ក្នុងការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយនេះ ។ ក្នុងស្មារតីនេះ, ក្រុមការងារ ក.អ.ក. បានរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងបានរៀបចំរបាយការណ៍វឌ្ឍនភាព និងរបាយការណ៍វាយតម្លៃនៃការអនុវត្ត ដើម្បីដាក់ជូន រាជរដ្ឋាភិបាលពិនិត្យសម្រេចជាបន្តបន្ទាប់ រួមមាន៖ ១. របាយការណ៍វឌ្ឍនភាពឆ្នាំ ២០១៦, ២. របាយការណ៍ វឌ្ឍនភាពឆ្នាំ ២០១៧-២០១៨, ៣. របាយការណ៍វាយតម្លៃនៃការអនុវត្តពាក់កណ្ដាលអាណត្តិ ឆ្នាំ ២០២០ និង ៤. របាយការណ៍វឌ្ឍនភាពឆ្នាំ ២០២១-២០២៣ ។ ក្នុងឆមាសទី ២ នៃ ឆ្នាំ ២០២៦ នេះ,  ក្រុមការងារ ក.អ.ក. ក៏បានបញ្ចប់ការរៀបចំ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ» ជាស្ថាពរ ដើម្បីដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ. ។

«របាយការណ៍វាយតម្លៃចុងអាណត្តិ» បង្ហាញថា, ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ, «គោលនយោ- បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា» បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតម្រង់ទិសការជំរុញពិពិធកម្ម និងលើកកម្ពស់ផលិតភាពក្នុងវិស័យឧស្សាហកម្ម, ការវិនិយោគលើមូលធនមនុស្ស, ការកែសម្រួលក្របខណ្ឌគតិយុត្ត, ការលើកកម្ពស់អភិបាលកិច្ចសហគ្រាសធុនតូច និងមធ្យម និងការសម្របសម្រួលគោលនយោបាយគាំទ្រនានា ជាដើម ។ ការអនុវត្តគោលនយោបាយនេះ បាននាំមកនូវសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើន និងបានប្រែក្លាយកម្ពុជា ពីប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ទៅជាប្រទេសមួយ ដែលមានសេដ្ឋកិច្ច

រឹងមាំនាំមុខដោយវិស័យឧស្សាហកម្ម ហើយជ្រៀតចូលកាន់តែជ្រៅក្នុងខែ្សច្រវាក់តម្លៃតំបន់ និងសកល ។ ទោះជាយ៉ាងនេះ, ល្បឿននៃការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅមានកម្រិត ហើយមូលដ្ឋានឧស្សាហកម្មនៅមានលក្ខណៈប្រមូលផ្តុំ និងងាយរងឥទ្ធិពលពីកត្តាខាងក្រៅ ដែលការណ៍នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់នៃនិន្នាការតំបន់ និងសកល ។

ជារួម,  អង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្តីព្រាង «របាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥»  នេះ និងបានផ្ដល់មតិយោបល់កែសម្រួល  និងធាតុចូល លើផ្នែកខ្លះនៃសេចក្តីព្រាង ដើម្បីឱ្យក្រុមការងារ​ ក.អ.ក. យកទៅពិនិត្យ និងកែសម្រួលឱ្យបានកាន់គ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ។ សម្រាប់ទិសដៅបន្ត, ឯកឧត្តមអគ្គបណ្ឌិត-សភាចារ្យ ឧបនាយក​រដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រុមការងារ ក.អ.ក. សហការជាមួយក្រុមការងារឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងការស្វែងយល់លម្អិតពីបញ្ហាប្រឈមដែលនៅសេសសស់ និងស្វែងរកដំណោះស្រាយ ដើម្បីធ្វើជាធាតុចូល សម្រាប់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដំណាក់កាលទី ២ នាពេលខាងមុខ ។

ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រុមការងារ ក.អ.ក. ដែលបានខិតខំរៀបចំសេចក្ដីព្រាងរបាយការណ៍វាយតម្លៃនេះឡើង និងបានណែនាំដ៏ខ្ពង់ខ្ពស់ឱ្យក្រុមការងារ ក.អ.ក. បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្អាត និងបញ្ចប់សេចក្ដីព្រាងរបាយការណ៍នេះឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ស្របតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល​ ៕