ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំសម្រេចចុងក្រោយ ពិនិត្យរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីពិនិត្យ និងពិភាក្សាលើរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអនុវត្តការងារ ឱ្យសមស្របតាមតម្រូវការជាក់ស្តែង និងឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យផ្សព្វផ្សាយសាធារណៈនាពេលបច្ចុប្បន្ន និងស្របតាមទិសដៅកំណែទម្រង់ និងការអភិវឌ្ឍវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៨ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក លោក លោកស្រី ជាអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យពាក់ព័ន្ធ។

ក្នុងដំណើរការនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបានធ្វើការពិនិត្យយ៉ាងលម្អិតលើការរៀបចំរចនាសម្ព័ន្ធការិយាល័យ ការកំណត់តួនាទី ភារកិច្ច និងការបែងចែកការទទួលខុសត្រូវរបស់អង្គភាពនីមួយៗ ដើម្បីធានាឱ្យការបំពេញការងារមានភាពច្បាស់លាស់ សម្របសម្រួលគ្នាបានល្អ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធឱ្យមានភាពសមស្រប និងទំនើប គឺជាមូលដ្ឋានសំខាន់សម្រាប់ការលើកកម្ពស់សមត្ថភាពរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ភាពត្រឹមត្រូវ ទាន់ពេលវេលា និងអាចឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។

ដូច្នេះសម្រាប់កិច្ចពិភាក្សាក្នុងកិច្ចប្រជុំសម្រេចចុងក្រោយក្នុងការត្រួតពិនិត្យរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការបន្តធ្វើទំនើបកម្មស្ថាប័ន ពង្រឹងប្រសិទ្ធភាពការងារ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា កាន់តែមានសមត្ថភាពក្នុងការបម្រើផលប្រយោជន៍សាធារណៈ និងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ គុណភាព និងភាពជឿទុកចិត្ត៕