ឯកឧត្តមបណ្ឌិត កៅ ថាច​ ៖ អនាគតដ៏ល្អផូផង់របស់ក្មួយសិស្សានុសិស្ស​ ត្រូវតែងនិពន្ធដោយដៃខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួល បន្ទុកជាប្រធានចលនាយុវជនស្រុក មានប្រសាសន៍ថា អនាគតរបស់ក្មួយសិស្សានុសិស្ស​ ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។

ពិធីសំណេះសំណាលប្រកបដោយដំបូន្មាន​ល្អ និងការលើកទឹកចិត្តនេះ ត្រូវបានប្រារព្ធឡើងនៅស្រុកខ្សាច់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងលោក ចេង ឌីណា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១ ០៦៨នាក់។

ជាកិច្ចចាប់ផ្តើមនៃពិធីសំណះសំណាលដ៏ស្រស់ស្រាយនេះ​​​ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ប្រាប់បេក្ខជនត្រៀមប្រឡងទាំងអស់ ឱ្យទុកវេលាខ្លះមុនចូលដល់ថ្ងៃប្រឡង​ដើម្បីថែរក្សាសុខភាព​ និងពង្រឹងស្មារតីកុំឱ្យភ័យខ្លាច​ ព្រមទាំងសាកល្បងធ្វើតេស្តភាពឆ្លាតវៃ​​ និងសេចក្តីក្លាហានរបស់ប្អូនៗ​ ក្មួយៗ​ ជាសិស្សានុសិស្យ​ របស់វិទ្យាល័យទាំងបី​ ។ ក្នុងវេលាដ៏រីករាយនេះមានសិស្សស្ត្រីម្នាក់មកពីវិទ្យាល័យពុកឫស្សី​ បានឡើងឆ្លើយសំណួររបស់ឯកឧត្តមបណ្ឌិតថា​ ដើម្បីប្រឡងឱ្យជាប់និងនិទ្ទេសល្អនាពេលខាងមុខដ៏ខ្លីនេះ​ គឺត្រូវរៀននិងរំលឹកមេរៀនឱ្យបាន​ជាប់លាប់ គេងឱ្យបានច្រើន ហើយអត់ភ័យ​​ ដោយសារជឿជាក់លើខ្លួនឯង។​ ចំណែកសិស្សស្ត្រីម្នាក់ទៀត​ មកពីវិទ្យាល័យ ហ៊ុន សែន រ៉ូតា បានឆ្លើយយ៉ាងក្លាហានថា មុនដល់ថ្ងៃប្រឡង​ ត្រូវហូបបាយឱ្យឆ្អែត និងខិតខំរៀនឱ្យអស់ពីសមត្ថភាព។ គេងឱ្យបានគ្រប់គ្រាន់​ ហូបឱ្យបានគ្រប់គ្រាន់។

ជាការពន្យល់បន្ថែមចំពោះប្រសាសន៍ណែនាំឱ្យខិតខំរៀនសូត្រ ប្រឹងរំឭកមេរៀន ព្យាយាមមើលវិញ្ញាសារប្រឡងនាឆ្នាំកន្លងមក​ ឯកឧត្តមបណ្ឌិត កៅ ថាច​ បានបង្ហាត់ពីវិធីបំបាត់សេចក្តីភ័យខ្លាច ដោយយកឱវាទទូន្មាន និងវិធីសមាធិអប់រំចិត្តរបស់ព្រះសម្មាសាម្ពុទ្ធ គឺការប្រើប្រាស់របៀបដកដង្ហើមចូល​ និងដកដង្ហើមចេញវែងៗ ដើម្បីធ្វើឱ្យរាងកាយធូរស្រាលពីសេចក្តីភ័យខ្លាចទាំងពួង។

មានប្រសាសន៍សំណេះសំណាលបន្ត ឯកឧត្តមបណ្ឌិតបានក្រើនរំឭកម្តងហើយម្តងទៀតដល់សិស្សានុសិស្សថ្នាក់ទី១២  មកពីវិទ្យាល័យ​ ហ៊ុន សែន រ៉ូតា,  វិទ្យាល័យពុកឫស្សី និងវិទ្យាល័យខ្សាច់កណ្តាល ឱ្យខិតខំរៀនសូត្រ និងត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ​ដែលនឹងឈានមកដល់ក្នុងរយៈពេល១៥ថ្ងៃទៀត។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ប្រាប់សិស្សជាបេក្ខជនប្រឡងថា ក្នុងរយៈពេល១៥ ថ្ងៃ ខាងមុខនេះ ប្អូនៗ​​ក្មួយៗ​ត្រូវលៃលកពេលវេលាឱ្យបានគ្រប់គ្រាន់សម្រាប់រំឭកមេរៀនឡើងវិញ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង ជាពិសេសត្រូវប្រឡងឱ្យជាប់និទ្ទេស A ដែលជាកម្រិតល្អបំផុតសម្រាប់អ្នកសិក្សា។

ឯកឧត្តមបណ្ឌិតប្រតិភូបានមានប្រសាសន៍បន្ថែមទៀតថា ការប្រឡងមិនមែនជារឿង ដែលសិស្សានុសិស្សត្រូវភ័យព្រួយនោះទេ ប៉ុន្តែវាជាឱកាសសម្រាប់សរសេរអនាគតជីវិតរបស់ប្អូន ឱ្យក្លាយជាអ្នកមានចំណេះដឹងជ្រៅជ្រះ និងជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំដូច្នេះថា ការប្រឡងមិនមែនត្រឹមតែជាការសាកល្បងចំណេះដឹងដែលធ្លាប់សិក្សាកន្លងមកនោះទេ វាគឺជារបត់ជីវិតរបស់ប្អូនៗ ក្មួយៗ ដែលត្រូវការសិក្សាយកជំនាញ និងបន្តទៅថ្នាក់សាកលវិទ្យាល័យ។ 

សូមរំឭកផងដែរថា កាលព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏ធ្លាប់បានអញ្ជើញសំណេះសំណាលលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទាំងបីផងដែរ រួមទាំងសិស្សប្រឡេងជាប់និទ្ទេស A ចំនួន២៣នាក់ ដែលសរុបទាំងអស់ប្រមាណជាង​១ ០០០នាក់។

ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់នាពេលនោះថា «ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង» ដូច្នេះត្រូវមានសេចក្តីស្រលាញ់ និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតដ៏ត្រចះត្រចង់។ មិនតែប៉ុណ្ណោះ  ឯកឧត្តមបណ្ឌិតក៏បានប្រសាសន៍បន្ថែមថា​ «គ្មាននរណាម្នាក់កើត​មកវេចសម្ពាយចំណេះដឹងមកជាមួយទេ​ ពោលគឺចំណេះដឹងកើតមានដោយការខិតខំរៀនសូត្រ​ និងសន្សំបន្តិចម្តងៗក្នុងរយៈពេលយូរ»​ ហើយក៏បានចែករំលែកនូវបទពិសោធន៍នៃការរៀនសូត្រ ក៏ដូចជាគន្លឹះនៃការសម្រេចបាននូវវិជ្ជាជីវៈ​ ដែលខ្លួនស្រលាញ់ពេញចិត្ត។

ឯកឧត្តមបណ្ឌិតប្រតិភូ​ ក៏បានណែនាំនូវវិធីសាស្រ្តសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្ស​ ដែលមានដូចជា៖ ត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំង លះបង់ពេលវេលាកម្សាន្តខ្លះ ហើយងាកមកពង្រឹងលើការសិក្សា «ការសិក្សា គឺជាដំណើរការដ៏វែងឆ្ងាយ និងប្រកបដោយការឈឺចាប់” ​(Study is long term process and painful)

ហេតុដូច្នេះសិស្សានុសិស្សត្រូវមានភាពអំណត់អត់ធន់ខ្ពស់ (Patience) ការលះបង់​ខ្ពស់ (Sacrifice) ត្រូវមានភាពក្លាហានក្នុងការសិក្សា ហ៊ានសួរលោកគ្រូអ្នកគ្រូនូវអ្វីដែលខ្លួនមានភាពស្រពិចស្រពិល ដូចសុភាសិតខ្មែរបាន លើកឡើងថា «ចង់ចេះឱ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់» និងចុងក្រោយផ្តាំផ្ញើថា​ ត្រូវ៖ (១)​ ជឿជាក់លើខ្លួនឯង ​(Believe in yourself), (២)​ រៀនឱ្យខ្លាំងជាប់ជារៀងរាល់ថ្ងៃ (Study hard everyday) និង(៣)​កុំបោះបង់ការសិក្សា ​(Never give up)  ហើយសិក្សាដោយអនុវត្តតាមពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធនៃយើងគឺ​ សុ.ចិ.បុ.លិ. ដែលជាអភិក្រមបួន​ សម្រាប់អ្នករៀនបានសេចក្ដីថា «អ្នករៀនត្រូវប្រកបដោយអង្គបួន គឺ សុត =​ ស្ដាប់, ចិន្ត =​ គិត, បុច្ឆ​ = សួរ,​ និងលិខ = កត់ត្រាទុក ទើបអាចក្លាយជាអ្នកចេះគ្រប់គ្រាន់បាន»។

ឯកឧត្តមបណ្ឌិតបានពន្យល់បន្ថែមទៀតថា អនាគតរបស់សិស្សានុសិស្ស “The Future of Students​ is written by themselves ” ត្រូវបានសរសេរដោយសិស្សផ្ទាល់ដៃ​​ ដើម្បីផ្តល់តម្លៃដល់ខ្លួនឯង​ និងផ្តល់សេចក្តីសង្ឃឹម។  សិស្សត្រូវតបស្នងដឹងគុណដល់លោកគ្រូ អ្នកគ្រូ​ និងឪពុកម្តាយ ដែលបានវិនិយោគទាំងញើសឈាម ពេលវេលា​ និងធនធាន ដើម្បីឱ្យក្មួយៗសិស្សានុសិស្សមានអនាគតល្អតាមរយៈការខិតខំប្រលងអោយជាប់​ និងបាននិទ្ទេសA។ 

លើសពីនេះ ឯកឧត្តមបណ្ឌិត​ បានសង្កត់ធ្ងន់ថា​សិស្សានុសិស្ស​ គឺជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ដែលចាត់ទុកថា យុវជនល្អ គឺជាអ្នកបន្តវេនដ៏ល្អសម្រាប់ការពារ​ និងអភិវឌ្ឍប្រទេសជាតិ។

ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ផ្តល់ឱ្យក្មួយៗ​ ទី១ មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសការងារ ឬវិជ្ជាជីវៈ ដែលប្អូនចង់ធ្វើ​ (Freedom to choose career)។ ទី២ មានសមត្ថភាពអាចជួយអ្នកដទៃបាន​ (Ability to help others)  និងទី៣ ផ្តល់ឱ្យក្មួយៗរស់នៅប្រកបដោយឥស្សរភាព​ និងជឿជាក់លេីខ្លួនឯង ​(Living with dignity and confidence)។ អ្វីដែលមិនភ្លេច  ឯកឧត្តមបណ្ឌិតប្រតិភូ​ ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលជាម៉ាស៊ីនដ៏អស្ចារ្យក្នុងការផ្ទេរចំណេះដឹង ជំនាញក្នុងការកសាងមូលធនមនុស្សដ៏មានគុណភាព និងជំរុញធ្វើយ៉ាងណាបង្កើននូវចំនួនសិស្សនិទ្ទេសA ឱ្យបានច្រើនសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦នេះ។ 

ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណគុណដល់ការខិតខំប្រឹងប្រែងរៀនសូត្រ និងការបង្រៀន ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ លោកនាយកទាំងបីវិទ្យាល័យផងដែរ ។ មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិត បានសន្យាផ្តល់រង្វាន់ជាកុំព្យូទ័រយួរដៃមួយគ្រឿងម្នាក់ដល់សិស្សទាំងឡាយណា ដែលប្រឡងជាប់និទ្ទេស A នាពេលដ៏ខ្លីខាងមុខដ៏ខ្លីនេះ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពាំនាំថវិកា​មួយចំនួន​ និងបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកពញាឮ​ ខេត្តកណ្តាលផងដែរ៕