សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ នៅវត្តចំនួន១២ ស្ថិតនៅក្នុងខេត្តកណ្តាល
ដោយមានទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការជួយទំនុកបំរុងដល់ព្រះសង្ឃ ដែលកំពុងជួបប្រទះនៅការខ្វះខាត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត នៅក្នុងខេត្តកណ្តាល។
កម្មវិធីនេះបានប្រារព្ធធ្វើនៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែនស្ថិតនៅក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដោយនិមន្តជាព្រះអធិបតី សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ , ព្រះវិមលវេទី មេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន។
ពិធីដ៏អធិកអធម តាមគន្លងព្រះពុទ្ធសាសនានេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ជាពិសេស ក្រុមការងារចលនាស្ត្រីនៃក្រុមការងារចុះមូលដ្ឋានខេត្តកណ្ដាល ក្រុមការងារចលនាស្រ្តីចុះមូលដ្ឋាន ក្រុង ស្រុក ទូទាំងខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខា ធិការដ្ឋានរដ្ឋសភា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងបរិយាកាសរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លាបំផុត។
ក្នុងឱកាសអញ្ជើញដល់ វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្ត បង្សុកូល ទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។
នៅក្នុងពិធីដ៏មង្គលនេះ សម្តេចប្រធានរដ្ឋសភា បានវេរប្រគេន ព្រះសង្ឃចំនួន១២វត្ត រួមមាន៖ វត្តស្វាយជ្រុំ ក្រុងអរិយក្សត្រ, វត្តស្លាកែត ស្រុកកៀនស្វាយ, វត្តព្រែកអំបិល ស្រុកស្អាង,វត្តកោះធំ ស្រុកកោះធំ,វត្តឧទ័យសាគរ (ហៅវត្តទឹកឃ្លាំង) ស្រុកល្វាឯម, វត្តព្រះវិហារសួគ៌ ស្រុកខ្សាច់កណ្តាល, វត្តវិហារបិទមាស ស្រុកកណ្តាលស្ទឹង, វត្តអង្គបារាយណ៍ ស្រុកពញាឭ, វត្តត្នោត ស្រុកអង្គស្នួល, វត្តឫស្សីជ្រោយ ស្រុកមុខកំពូល និង វត្តកំពង់ថ្កុល ក្រុងសំពៅពូន ក្នុងមួយវត្តបច្ច័យចំនួន ២លានរៀល ទៀនព្រះវស្សាមួយគូរ ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ ជាច្រើនទៀត។ ចំពោះវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន បច្ច័យចំនួន ១៩លាន រៀល រួមនិងទៀនព្រះវស្សាមួយគូរ ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ ជាច្រើនទៀត។ សម្តេចប្រធានរដ្ឋសភា ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនកងកម្លាំងប្រដាប់អាវុធនិងក្រុមចលនាស្រ្តីខេត្ត ជូនលោកតាលោកយាយចូលរួមកម្មវិធី ផងដែរ។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យប្រជាពលរដ្ឋនិងប្រទេសជាតិប្រកបដោយសេចក្តីសុខ សេចក្តីចម្រើនជាបន្តទៀត។ ជាពិសេសសម្តេចបានបួងសួងសូមឱ្យវីរយុទ្ធជននៅក្នុងសមរភូមិមុខ ទទួលបាននូវសុខសុវត្ថិភាពឈ្នះអស់មារសត្រូវ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី។ ទន្ទឹមនេះ
សម្តេចរដ្ឋសភាធិបតី ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នកស្នេហាជាតិ ដែលបានធ្វើមរណកាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់ទីបរមលោក ខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរម លោកកុំបីអាក់ខានឡើយ។
ជាពុទ្ធសាសនូបត្ថម្ភក៍មួយរូបដែលបានទ្រទ្រង់ និងប្រតិបត្តិនូវព្រះពុទ្ធសាសនាជារហូតមក ការនាំយកទេយ្យទាន និងបច្ច័យវេរប្រគេនចំពោះសង្ឃដែលគង់ចាំព្រះវស្សានាឱកាសនេះ មិនត្រឹមតែជាការទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សាប៉ុណ្ណោះទេ។ប៉ុន្តែក៏បានបង្ហាញពីសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅរបស់សម្តេចចំពោះព្រះពុទ្ធសាសនា និងការបន្តថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។
សូមជម្រាបជូនថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលមានជំនឿលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ វេរប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ៕







