ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង
នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សាសម្រាប់ប្រជាកសិករ ក្នុងភូមិកាច់រទេះ ភូមិអូរទូក និងភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
យោងតាមការពិនិត្យជាក់ស្តែង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តបាត់ដំបង ក្នុងការអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវ ភូមិទាំង៣ ដែលប្រឈមនឹងការខ្វះទឹកកាលពីសប្តាហ៍មុន។
ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្របសម្រួលជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីបន្តអនុវត្តបែងចែកទឹកពីសំណង់ស្ទាក់ទឹកផ្នែកខាងលើសម្រាប់សង្គ្រោះដំណាំរបស់ប្រជាកសិករ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ និងទទួលសំណូមពរ ហើយស្វែងរកដំណោះស្រាយជូនប្រជាកសិករ ដោយណែនាំដល់អាជ្ញាធរ និងសហគមន៍ ចុះពិនិត្យឱ្យបានជាប់ជាប្រចាំពីការបញ្ជូនទឹកសម្រាប់ផ្ទៃដីស្រែផ្នែកខាងក្រោមដែលមានលទ្ធភាពបែងចែកទឹកនោះជូនប្រជាកសិករ៕







