ឯកឧត្តម ប៉ែន បូណា អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតប្រជែងនិយាយជាសាធារណៈ វគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០?»

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈក្នុងចំណោមយុវជន វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០?» ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សមណនិស្សិត-និស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៦០០ អង្គ/នាក់ នៅសាល C នៃទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ផ្អែកតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពចម្បង និងជាគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបាន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ឯកឧត្តមបានបន្តថា ការរៀបចំកម្មវិធីប្រកួតប្រជែងនេះឡើង គឺទទួលបានការគាំទ្រ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលបំណងលើកទឹកចិត្ត និងបង្កើនការយល់ដឹងដល់សិស្ស-និស្សិតអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងជំរុញឱ្យយុវជនពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ (Hard & Soft Skills) សីលធម៌ និងស្មារតីស្នេហាជាតិ ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មានបេក្ខជន-បេក្ខនារីឆ្នើមចំនួន ១០រូប មកពីគ្រឹះស្ថានឧត្តមសិក្សានានា បានឡើងបកស្រាយលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការកសាងសមត្ថភាពយុវជន ការពង្រឹងប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់វិស័យអប់រំ និងសុខាភិបាលជាដើម។

កម្មវិធីនេះក៏មានការសហការ និងគាំទ្រយ៉ាងសកម្មពីក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) កម្មវិធី The Perspectives Cambodia សមាគមធនាគារនៅកម្ពុជា ព្រមទាំងក្រុមហ៊ុនដៃគូវិស័យឯកជនជាច្រើនទៀត ដែលនេះបង្ហាញជាលទ្ធផលអំពីការចូលរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការវិនិយោគលើធនធានមនុស្ស និងអនាគតរបស់ប្រទេសកម្ពុជា។