ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ

ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលពី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ សរុបប្រមាណជាង ៤០០រូប ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម កត្តារាំងស្ទះ និងដាក់ចេញនូវដំណោះស្រាយជាក់ស្តែង សម្រាប់ពង្រឹងប្រសិទ្ធភាពការងារចុះមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាអនុវត្តការងារចុះមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងខេត្ត។

ឯកឧត្តមប្រធានក្រុមការងារបានណែនាំឱ្យក្រុមការងារទាំងអស់បន្តពង្រឹងការសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់មតិយោបល់ និង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាបាននូវការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកទិសដៅការងារបន្ត ដោយជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលគ្រប់ផ្នែក បន្តពង្រឹងវិន័យការងារ បង្កើនការចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ពង្រឹងការសហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងអង្គភាពពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា រួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមចក្ខុវិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

គួររំលឹកដែរថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង៧ នៃ ខេត្តក្រចេះ ត្រូវបានធ្វើពិធីប្រកាសសមាសភាពកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពខេត្តក្រចេះ ។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ដែលបាន បង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងអោយរាជរដ្ឋាភិបាលនៅ ថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការ អភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចំរើន ៕