រដ្ឋបាលស្រុកព្រៃនប់ រៀបចំពិធីប្រគេនទៀនព្រះវស្សាជូនវត្តនៅក្នុងស្រុកព្រៃនប់ ដើម្បីឧទ្ទិសកុសល និងបន្តរក្សាវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនា
ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកព្រៃនប់បានរៀបចំពិធីបុណ្យប្រគេនទៀនព្រះវស្សា និងបរិក្ខារផ្សេងៗ ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តចំនួន ២០ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ត្រូវនឹងឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០។
ពិធីបុណ្យបែបសាសនានេះ បានប្រព្រឹត្តទៅនៅសាលាស្រុកព្រៃនប់ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ និង អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើនរូប។
ប្រវត្តិនៃពិធីប្រគេនទៀនវស្ស ដើមហេតុសម័យពុទ្ធកាល ព្រះពុទ្ធបានបញ្ញត្តិឱ្យព្រះសង្ឃ «គង់ចាំវស្សា» នៅក្នុងវត្តរយៈពេល ៣ ខែក្នុងរដូវភ្លៀង ដើម្បីកុំឱ្យជាន់បំផ្លាញដំណាំប្រជារាស្ត្រ និងសត្វល្អិត។ ការកើតមានទៀនអំឡុងពេលគង់ចាំវស្សា ព្រះសង្ឃត្រូវរៀន និងសូត្រធម៌នៅពេលយប់។ ពុទ្ធបរិស័ទ (ដូចជា នាងវិសាខា) ក៏បាននាំយកប្រេង និងប្រទីបទៅប្រគេនដើម្បីបំភ្លឺ។ បច្ចុប្បន្ន គេច្នៃមកជា «ទៀនវស្សាដើមធំៗ» សម្រាប់ដុតបំភ្លឺបានយូរពេញមួយរដូវវស្សា។
គោលបំណងសំខាន់ គឺបំភ្លឺការសិក្សា ផ្តល់ពន្លឺជូនព្រះសង្ឃសម្រាប់មើលគម្ពីរ ស្វធ្យាយធម៌ និងសមាធិនាពេលយប់។ ជាការជួយឧបត្ថម្ភព្រះសង្ឃដែលមិនអាចនិមន្តទៅបិណ្ឌបាតឆ្ងាយៗបាន។ តាមជំនឿ ការប្រគេនពន្លឺជួយឱ្យអ្នកធ្វើទទួលបាន «បញ្ញាភ្លឺថ្លា» រួចផុតពីភាពល្ងង់ខ្លៅ និងជីវិតជួបតែភាពរស្មី។
ការប្រគេនទៀនវស្សា មិនមែនគ្រាន់តែជាការយកទៀនទៅដាក់នៅមុខព្រះភ័ក្ត្រព្រះពុទ្ធរូបនោះទេ ប៉ុន្តែជាការ «អុជពន្លឺប្រាជ្ញា» នៅក្នុងចិត្តរបស់យើងម្នាក់ៗ ឱ្យស្គាល់ខុសត្រូវ ស្គាល់គុណទោស និងចេះរួមរស់ជាមួយគ្នារោយកតញ្ញូ និងសាមគ្គីភាព។
អត្ថបទ ៖ស្រីមុំ
រូបភាព ៖សុខជា







