ខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦

​ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។
​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ យុឹង សុឃឿន សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងនគរបាលខេត្ត និង លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលរងក្រុង-ស្រុក តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារយេនឌ័រខេត្តព្រះសីហនុ រួចមក លោកជំទាវ យុឹង សុឃឿន បានមានប្រសាសន៍ថា សកម្មភាពនេះត្រូវបានរៀបចំឡើងស្របតាម យុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវ័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនៅគ្រប់វិស័យ។​ លោកជំទាវបានគូសបញ្ជាក់ថា ស្ត្រីគឺជាធនធានដ៏សំខាន់ដែលមានចំនួនលើសពីពាក់កណ្តាលនៃប្រជាជនសរុប។ ដូច្នេះ ការពង្រឹងសមត្ថភាពស្ត្រីគឺជាកត្តាចាំបាច់ដើម្បីឱ្យពួកគាត់អាចចូលរួមដឹកនាំ និងធ្វើការសម្រេចចិត្ត សំដៅរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្ត និងស្ថាប័នពាក់ព័ន្ធនឹងបន្តខិតខំដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជា ​ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ដើម្បីបង្កើនឱកាសទទួលបានការអប់រំ និងសុខភាពដល់ជនមានពិការភាព ជនជាតិដើមភាគតិច និងមនុស្សចាស់ជរា
​ការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាលើស្ត្រី និងកុមារ
​ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសាធារណៈ និងនយោបាយ ​ការកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកក្នុងពេលសម្រាល។

​ជាទីបញ្ចប់ លោកជំទាវបានសង្កត់ធ្ងន់ថា «ការងារលើកកម្ពស់សមភាពយេនឌ័រ គឺជាការងារអន្តរវិស័យ និងជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា» ដោយត្រូវចាត់ទុកថា «បញ្ហារបស់ស្ត្រី គឺជាបញ្ហារបស់សហគមន៍ និងជាបញ្ហារបស់អង្គភាព»។ លោកជំទាវក៏បានស្នើឱ្យគ្រប់មន្ទីរ-អង្គភាព និងអាជ្ញាធរដែនដី បន្តបញ្ជ្រាបការងារយេនឌ័រទៅក្នុងផែនការសកម្មភាពរបស់ខ្លួន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូល ដែលបានលះបង់ពេលវេលាក្នុងការចូលរួម និងពិភាក្សាដោះដូរយោបល់យ៉ាងផុសផុល ដើម្បីជំរុញឱ្យការអនុវត្តទិសដៅការងារទទួលបានជោគជ័យបន្ថែមទៀត។

អត្ថបទ:វណ្ណថៃ