សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សព្វព្រះរាជហឫទ័យព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី សព្វព្រះរាជហឫទ័យព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សម្តេច ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ លោក-អ្នកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ដែលមានទីតាំងស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ឯកឧត្តម ងួន ស្ដេចភក្ដី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាអនុប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី បានមានប្រសាសន៍ទូលថ្វាយ និងជម្រាបជូន ថា ក្រោមព្រះរាជតំរិះដឹកនាំដ៏ខ្ពង់ខ្ពស់របស់
សម្តេចជាអម្ចាស់ ប៉ុស្តិ៍សុខភាពមាន ៖
បន្ទាប់សម្រាកព្យាបាល, បន្ទាប់សង្រ្គោះបឋម, បន្ទាប់ពិនិត្យជំងឺទូទៅ, បន្ទាប់ពិសោធន៍ឈាម, បន្ទាប់អេកូសាសន៍, បន្ទាប់វះកាត់តូច, បន្ទាប់ថតកាំរស្មី, បន្ទាប់សម្រាប់ព្យាបាល២ដាច់ដោយឡែកសម្រាប់ព្រះសង្ឃ, ម៉ាសុីនឆ្លុះច្រមុះនិងបំពង់ក ដែលជាជំនួយពីសប្បុរសជនពីប្រទេសអូស្រ្តាលី, រថយន្តសង្រ្គោះ៣គ្រឿងនិងកំពុងបំពេញបេសកកម្មផ្តល់សេវាឡានសង្គ្រោះបន្ទាន់ សម្រាប់សម្រួលដឹកជញ្ជូនអ្នកជំងឺ ឬដឹកជញ្ជូនសាកសព ដែលគ្មានលទ្ធភាព ឬ មានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សប្បុរសអ្វីឡើយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា គិតត្រឹមតែ១ខែនៅក្នុងខែមិថុនា ឆ្នាំ២០២៦ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ទទួលអ្នកជំងឺប្រមាណ ១០៥៨ករណី និងប្រើថ្នាំព្យាបាល ៣២,៣៧៣គ្រាប់ ។ ដោយឡែកសម្រាប់ការចំណាយប្រចាំខែរបស់ប៉ុស្តិ៍សុខភាពបន្ថែមប្រមាណ ៣៦០០ដុល្លា/១ខែ ទៅលើការទិញឱសថបន្ថែមពីលើការឧបត្ថម្ភរបស់សប្បុរសជន និងសម្រាប់ឧបត្ថម្ភដល់មន្រ្តីដែលស្មគ្រ័ចិត្តបម្រើសេវាជូនប្រជាពលរដ្ឋនៅប៉ុស្តិ៍សុខភាព។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះរាជបន្ទូលថា ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្សកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចជាអម្ចាស់ បានកោតសរសើរលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃ ប៉ុស្តិ៍សុខភាពនេះ ដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺបានល្អប្រសើរ។
នាឱកាសដ៏មានអត្ថន័យនេះ ព្រះអង្គក៏បានសម្ដែងនូវព្រះរាជហឬទ័យថ្លែងអំណរគុណ សម្តេច ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ លោក-អ្នកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ដើម្បីទិញឱសថ សម្ភារៈបរិក្ខាពេទ្យ សម្រាប់ព្យាបាល ប្រគេន-ជូន ព្រះសង្ឃ និស្សិត និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរសួស្តីមហាប្រសើរជូន លោកម្ចាស់សទ្ធា សូមបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕