ភ្លើងឆេះព្រៃរាលដាលទីជិតទីក្រុងទេសចរណ៍ដ៏ពេញនិយម១ក្នុងប្រទេសបារាំង! ខណៈមនុស្សជាង២ម៉ឺននាក់ត្រូវគេជម្លៀសចេញទៅកាន់ទីកន្លែងសុវត្ថិភាព

មនុស្សប្រហែល២ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ទីប្រជុំជន និងរមណីយដ្ឋានវិស្សមកាលមួយដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍នេះ ខណៈដែលភ្លើងឆេះព្រៃបន្តរាលដាលជាបន្តបន្ទាប់ចុងក្រោយបំផុត ដោយវាបានឆាបឆេះ ហើយក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ត្រូវបានបញ្ជូនទៅតបតជាមួយវាដែរ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា ភ្លើងឆេះព្រៃដែលស្ថិតនៅក្បែរទីក្រុង Lège Cap-Ferret ភាគនិរតីនៃទីក្រុង Bordeaux បានរាលដាលលើផ្ទៃដីជាង២៤០០ហិកតា ទោះបីជាមិនមានការរាយការណ៍អំពីមនុស្សរងរបួសក៏ដោយ។ លោកស្រី Sophie Brocas អភិបាលរដ្ឋ និងជាប្រធានតំបន់ Gironde បាននិយាយថា អ្នកពន្លត់អគ្គីភ័យប្រហែលជា៧០០នាក់ រួមទាំងកងកម្លាំងដែលបានធ្វើដំណើរមកពីតំបន់ប៉ារីស ត្រូវបានដាក់ពង្រាយជាហូរហែរ។ ភ្លើងឆេះព្រៃបានឆាបឆេះក្នុងចម្ងាយ ៣០០ម៉ែត្រ ចេញពីផ្ទះដំបូងនៅ Lège ហើយរថយន្តពន្លត់អគ្គីភ័យក៏កំពុងប្រតិបត្តិការនៅក្នុងតំបន់នោះដែរ។ លោកស្រីបាននិយាយថា “ស្ថានភាពអាកាសធាតុនៅតែមិនទាន់អំណោយផលនៅឡើយទេ ជាមួយនឹងទិសដៅខ្យល់ដែលមិនល្អ និងបក់បោកមិនទៀងទាត់”។ មនុស្សជាង ១ម៉ឺននាក់ រួមទាំងអ្នកទេសចរដែលស្នាក់នៅក្នុងជំរំវិស្សមកាល និងកន្លែងបោះជំរុំ ត្រូវបានគេជម្លៀសទៅកាន់កន្លែងសុវត្ថិភាពពេញមួយយប់ រួមជាមួយប្រជាជនជាង១ពាន់នាក់ដែរ ដែលរស់នៅក្នុងតំបន់លំនៅដ្ឋានតាមបណ្តោយគម្ពោធព្រៃឈើក្នុងតំបន់។ ក្រោយមក អាជ្ញាធរបានជម្លៀសពួកគេចេញពីភូមិ Claouey រួមទាំងប្រជាជនដែលស្នាក់នៅកន្លែងបោះជំរុំជាច្រើនដែរ ដែលវាជាវិធានការបង្ការគ្រោះមហន្តរាយ។ លោក Brocas បាននិយាយថា ការជម្លៀសនេះ ធ្វើឡើងភ្លាមៗដោយដារតែពាក់ព័ន្ធនឹងមនុស្ស ៨.៨០០នាក់។ រដ្ឋបាលក្រុងបាននិយាយថា មានក្រុងជាច្រើនបានបើកដំណើរការមជ្ឈមណ្ឌលទទួលភ្ញៀវទេសចរ និងអ្នកជម្លៀសខ្លួនចេញ ដើម្បីជួយសម្រាលដល់ការបាត់បង់ទីជម្រករបស់ពួកគេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ