ឯកឧត្តម ស សុខា លើកឡើងអនុសាសន៍ ៩ ចំណុច ដើម្បីជំរុញការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូនៅថ្នាក់មូលដ្ឋាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ឱ្យរួមគ្នាប្រែក្លាយចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូឱ្យទៅជា «ចលនាជាតិ» ព្រមទាំងបានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៩ ចំណុច ដើម្បីលើកកម្ពស់គុណភាពសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ការថ្លែងនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល» នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់យ៉ាងច្បាស់ថា ការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ មិនមែនជាបន្ទុកដាច់ដោយឡែករបស់សាលារៀន មណ្ឌលសុខភាព ឬមន្ទីរពេទ្យនោះទេ ប៉ុន្តែជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ក្នុងការដឹកនាំ សម្របសម្រួល និងកៀរគរការចូលរួមពីគ្រប់ភាគីទាំងអស់។
​អនុសាសន៍គន្លឹះទាំង ៩ ចំណុច ដែលឯកឧត្តមបានផ្តល់ជូនរួមមាន៖

(១)រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់ទុកការដឹកនាំ និងជំរុញការអនុវត្តចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ជាភារកិច្ច និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់ខ្លួន។

(២)រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗត្រូវបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មថែមទៀតក្នុងការដឹកនាំ សម្របសម្រួល និងគាំទ្រដល់មណ្ឌលសុខភាព សាលារៀន និងមន្ទីរពេទ្យក្នុងដែនដីរបស់ខ្លួន ឱ្យជាប់ជ័យលាភីកាន់តែច្រើនជាងមុន។

(៣)រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានភាពម្ចាស់ការ និងគំនិតផ្តួចផ្តើមក្នុងការគាំទ្រអង្គភាពសេវាសាធារណៈ ដោយមិនរង់ចាំតែ ការណែនាំពីថ្នាក់ជាតិគ្រប់រឿងនោះឡើយ។

(៤)រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងបង្កើនការចុះពិនិត្យគាំទ្រផ្ទាល់នៅតាមសាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីជាការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងក្តាប់ឱ្យបាននូវបញ្ហា សំណើ សំណូមពរ និងដាក់ចេញនូវវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

(៥)រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ត្រូវខិតខំកៀរគរការគាំទ្រ ទាំងធនធានថវិកា សម្ភារ បច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូ អភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកកែលម្អអង្គភាពផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

(៦)រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវផ្តល់ការលើកទឹកចិត្តជាលិខិតសរសើរ ឬការគាំទ្រផ្សេងៗដល់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំនៅតាមសាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលបានប្រើអស់កម្លាំងកាយចិត្ត ខិតខំផ្តល់សេវាជូនប្តូរជាពលរដ្ឋប្រកប ដោយមនសិការ ក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យអង្គភាពរបស់ខ្លួនជាប់ជ័យលាភីជាអង្គភាពគំរូ។

(៧)មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងសាលារៀន ត្រូវខិតខំពង្រឹង និងកែលម្អការគ្រប់គ្រង និងការផ្តល់សេវារបស់ខ្លួនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមស្តង់ដា និងលិខិតបទដ្ឋានជាធរមាន។

(៨)សូមអំពាវនាវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំង មានសមត្ថកិច្ចទាំងអស់ រួមគ្នាប្រែក្លាយ ចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ឱ្យក្លាយជាចលនាជាតិមួយក្នុងការលើកកម្ពស់វប្បធម៌ផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ។

និង (៩)ស្នើឱ្យក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ សហការគ្នា និងគាំទ្រគ្នាទៅវិញទៅមកលើដំណើរការរៀបចំ និងអនុវត្តចលនាប្រឡប្រណាំងអង្គភាពសេវាសាធារណៈគំរូ និងចលនាប្រឡងប្រណាំងនានា។