ប៉ូលីស Madison បានបាញ់សម្លាប់បុរសអនាថាម្នាក់ បន្ទាប់ពីរូបគេបានធ្វើឲ្យមន្ត្រីម្នាក់រងរបួសដោយប្រើកាំបិត ខណៈពេលកំពុងទប់ទល់ប្រតាយប្រតប់គ្នា អំឡុងពេលចាប់ខ្លួនរូបគេ ដែលធ្វើឲ្យរដ្ឋវីស្កុនស៊ីនរង្គោះរង្គើ ដោយក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា ដោយក្រុមសហគមន៍បានទាមទារឲ្យមានការទទួលខុសត្រូវ និងបញ្ចប់ភាពអយុត្តិធម៌ផ្នែកពូជសាសន៍ផងដែរ។ លោក Corey Durell Ruiz អាយុ ៣៨ ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅលើដងផ្លូវក្នុងទីក្រុងនេះកាលពីថ្ងៃពុធ គ្រាដែលគាត់ត្រូវបានស្លាប់ដោយមានអ្នកថតជាវីដេអូពីសំណាក់អ្នកឈរមើលនានា ដែលក្រោយមកក៏ត្រូវគេបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតដែរ។ ប៉ុន្តែសម្រាប់សញ្ញាតិរបស់មន្ត្រីដែលកាន់កាំភ្លើងនោះ មិនត្រូវបានស្ថាប័នប៉ូលីសចេញផ្សាយនោះទេ។ បុរសអានាថាឈ្មោះ Ruiz ត្រូវបានកំណត់ថាជាជនជាតិស្បែកខ្មៅ ឬឡាទីន នៅក្នុងកំណត់ត្រាតុលាការរដ្ឋវីស្កុនស៊ីន។ កំណត់ត្រាតុលាការរដ្ឋវីស្កុនស៊ីនបានបង្ហាញថា លោក Ruiz បានជាប់ពន្ធនាគារជាច្រើនលើក ជាច្រើនសារមកហើយ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចំពោះបទល្មើសភាគច្រើនរួមមាន ការប្រព្រឹត្តអំពើអនាធិបតេយ្យ ការជួញដូរគ្រឿងញៀន ករណីលួចរថយន្ត ករណីវាយដំមនុស្ស និងការរំលោភលើភាពឯកជនអ្នកដទៃផងដែរ។ រូបគេក៏ធ្លាប់ត្រូវបានគេកាត់ទោសពីបទឧក្រិដ្ឋផ្សេងទៀតដែរ រួមមាន ការជួញដូរសារធាតុកូកាអ៊ីនកញ្ឆា ករណីប្លន់ ករណីច្របាច់កអ្នកដទៃ ការតដៃជាមួយនឹងមន្ត្រីប៉ូលីស និងបង្ករបួសស្នាមថែមទៀត។ ក្រុមគ្រួសាររបស់ Ruiz បានជួលលោក Ben Crump ដែលជាមេធាវីម្នាក់ធ្លាប់តំណាងឱ្យក្រុមគ្រួសាររបស់លោក George Floyd គឺលោកស្រី Breonna Taylor និងលោក Ahmaud Arbery ដែលត្រូវបានប៉ូលីសបាញ់សម្លាប់ទាំងអស់កាលពីអតីតកាល។ លោក Crump បាននិយាយថា ករណីនេះត្រូវតែពិនិត្យឲ្យបានម៉ត់ចត់សម្រាប់ការប្រើប្រាស់កម្លាំងហួសហេតុពេករបស់ប៉ូលីសបង្រ្កាបជនល្មើស៕

សម្រួលអត្ថបទ៖ សុផារិន្ទ





