ការបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI) ក្នុងកិច្ចការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា
ខេត្តមណ្ឌលគិរី ៖ ក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយអង្គការដៃគូអភិវឌ្ឍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «សូចនាករគន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI KPIs) ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០» នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពី លោកស្រី កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្ត លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Rebekah Bell តំណាងអង្គការ FAOប្រចាំនៅកម្ពុជា លោក ប៉ោ សុខណាក់ តំណាងអង្គការOxfam តំណាងអង្គការ WCS និង CEPA មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និងតំណាងស្ត្រីជាអ្នកដឹកនាំជនជាតិដើមភាគតិច សរុបចំនួន ៩២នាក់(ស្ត្រី ៦៧នាក់)។
គោលបំណងសំខាន់ៗនៃសិក្ខាសាលា គឺ ៖
-បង្កើនការយល់ដឹងអំពីអនុសញ្ញា CEDAW និងអនុសាសន៍ទូទៅពាក់ព័ន្ធនឹងទិដ្ឋភាពយេនឌ័រនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
-ជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០ (ដំណាក់កាលទី៤)។
-ពង្រឹងការយល់ដឹងលើសូចនាករ GESI KPIs ក្នុង NDC 3.0 ដើម្បីរៀបចំជាផែនទីបង្ហាញផ្លូវសម្រាប់វិស័យបរិស្ថាន កសិកម្ម និងវិស័យពាក់ព័ន្ធ។
-ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ និងស្វែងរកយន្តការសម្របសម្រួល ដើម្បីដាក់បញ្ចូលសូចនាករ GESI ទៅក្នុងផែនការសកម្មភាពនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព។
សិក្ខាសាលាមានបទបង្ហាញពីវាគ្មិនជំនាញ និងវេទិកាពិភាក្សា ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តក្រចេះ គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ តំណាងស្ត្រីជនជាតិដើមភាគតិច និងអង្គការដៃគូ Oxfam ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការគាំទ្រនៅថ្នាក់មូលដ្ឋាន៕







