ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញពិនិត្យការអន្តរាគមន៍បញ្ជូនទឹកជួយសង្រ្គោះស្រូវនៅក្នុងខេត្តបាត់ដំបង

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកកង្ហត ស្ថិតក្នុងស្រុកបាណន់ និងជួបសំណេះសំណាលជាមួយប្រជាកសិករជួបបញ្ហាខ្វះទឹកស្រោចស្រពស្រូវ នៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

អំឡុងអញ្ជើញចុះជួបសំណេះសំណាល មានការអញ្ជើញចូលរួមអមដំណើរពីថ្នាក់ដឹកនាំ (គ.ជ.គ.ម), ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម, ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម សុខ លូ អភិបាលខេត្ត, លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាម។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវពន្លឿនការបញ្ជូន និងបែងចែកទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាដែលកំពុងជួបប្រទះនូវកង្វះខាតទឹក។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសំណូមពរដល់ប្រជាកសិករនៅផ្នែកខាងលើដែលទទួលបានទឹកស្រោចស្រពខ្លះហើយសូមមានការយោគយល់ កុំដណ្ដើមយកទឹក ដើម្បីឱ្យទឹកបានធ្លាក់ដល់ផ្នែកខាងក្រោម។

បន្ទាប់ពីសំណេះសំណាល ប្រជាកសិករ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ ដែលបានយកចិត្តទុកដាក់ជួយអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវ៕