ធនាគារ ARDB ចូលរួមគាំទ្រកម្មវិធី «ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា» ក្រោមប្រធានបទ «អាហារខ្មែរត្រូវតែខ្លាំង»នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់ និងទីផ្សារ បានអញ្ជើញចូលរួមកម្មវិធី «ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា» ក្រោមប្រធានបទ «អាហារខ្មែរត្រូវតែខ្លាំង» ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
កម្មវិធីនេះ រៀបចំដោយវិទ្យាស្ថានស៊ីអ៊ីអូ ដែល ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានស្តង់ពិព័រណ៍សរុបចំនួន ២២០ស្តង់ (Booths) និងរំពឹងថានឹងទាក់ទាញអ្នកចូលរួមជាង ៣០,០០០នាក់ រួមមាន កសិករ សហគ្រិន អាជីវករ សមាគមចុងភៅ សមាគមវិជ្ជាជីវៈ សហគមន៍អាជីវកម្ម អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (KOLs) អ្នកបង្កើតមាតិកា សិល្បករ និងសាធារណជនទូទៅ។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់អាហារខ្មែរ គាំទ្រសហគ្រិនក្នុងវិស័យអាហារកម្ពុជា ពង្រីកទីផ្សារ និងបង្កើនការលក់ លើកកម្ពស់គុណភាព និងស្តង់ដារផលិតផលអាហារ ផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិ ព្រមទាំងជំរុញកិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុ សហគ្រិន វិស័យឯកជន និងប្រជាពលរដ្ឋ។
លើសពីនេះ ព្រឹត្តិការណ៍នេះក៏មានគោលបំណងមនុស្សធម៌ផងដែរ ដោយប្រាក់ចំណេញដែលនៅសល់ពីការរៀបចំកម្មវិធី នឹងត្រូវយកទៅបង្កើតមូលនិធិជួយឧបត្ថម្ភដល់គ្រួសារជនភៀសសឹក។
ក្នុងអំឡុងពេល ៣ថ្ងៃនៃការរៀបចំកម្មវិធី នឹងមានសកម្មភាពជាច្រើន រួមមាន ការតាំងពិព័រណ៍ និងលក់អាហារខ្មែរ ការបង្ហាញម្ហូបអាហារប្រចាំតំបន់ ការប្រកួតធ្វើម្ហូប ការប្រកួតប្រជែងផ្នែកអាហារ កម្មវិធីបណ្តុះបណ្តាលសហគ្រិន ការសម្តែងសិល្បៈ និងវប្បធម៌ ការចូលរួមពីអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (KOLs) និងសិល្បករល្បីៗ ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនទៀត៕







