ឥណ្ឌាសម្ពោធរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេបង្អស់ក្នុងប្រទេសដោយខ្លួនឯង ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូតនិងការបំភាយឧស្ម័នពុល
ប្រទេសឥណ្ឌាបានដាក់ឱ្យដំណើរការនូវរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេរបស់ខ្លួននៅថ្ងៃសុក្រនេះ ដែលជាចលនាមួយបង្ហាញពីគោលបំណងពង្រីកការប្រើប្រាស់ថាមពលស្អាតនៅក្នុងបណ្តាញផ្លូវដែកដ៏ធំទូលាយបំផុតរបស់ខ្លួនដែរ។ រថភ្លើងដែលបង្កើតឡើងដើរដោយថាមពលអ៊ីដ្រូសែនចំនួន២ខ្សែ និងរទូផ្ទុកអ្នកដំណើរចំនួន៨ទូនេះ នឹងដំណើរការនៅភាគខាងជើងរដ្ឋ Haryana។ វាអាចរត់ក្នុងល្បឿនរហូតដល់ ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង និងដឹកជញ្ជូនអ្នកដំណើរជាអតិបរមាប្រហែលជា ២,៦០០នាក់ នេះបើយោងតាមមន្ត្រីផ្លូវដែកឥណ្ឌា។ លោកនាយករដ្ឋមន្ត្រី Narendra Modi បានអញ្ជើញចូលរួមសម្ពោធរថយន្តភ្លើងពិសេសដែលមានឈ្មោះថា “NaMo Green Rail” នៅស្ថានីយ៍រថភ្លើង Jind របស់រដ្ឋ Haryana នៅព្រឹកថ្ងៃសុក្រនេះ។ “NaMo” គឺជាអក្សរកាត់ទូទៅនៃឈ្មោះ និងនាមត្រកូលរបស់លោក Narendra Modi។ លោក Modi បាននិយាយនៅសារបង្ហោះមួយនៅលើបណ្តាញសង្គម X របស់លោកថា “នេះជាថ្ងៃដ៏សំខាន់មួយក្នុងទិសដៅដែលប្រទេសឥណ្ឌា ត្រូវពឹងផ្អែកលើខ្លួនឯង និងការអភិវឌ្ឍខ្លួនឯងប្រកបដោយចីរភាព”។ គម្រោងសាកល្បងនេះរួមមានហេដ្ឋារចនាសម្ព័ន្ធផ្ទុកអ៊ីដ្រូសែន និងមានប្រអប់ចាក់ប្រេងឡើងវិញដែរ ដើម្បីសាកល្បងនូវការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៅក្នុងបណ្តាញផ្លូវដែករបស់ប្រទេសឥណ្ឌាដំធំបំផុតលើពិភពលោក។ កោសិកាឥន្ធនៈអ៊ីដ្រូសែនបង្កើតជាអគ្គិសនីដោយផ្សំពីអ៊ីដ្រូសែនផង និងអុកស៊ីសែនផង ដោយវាផលិតចំហាយទឹកទៅជាបំភាយឧស្ម័នដោយផ្ទាល់តែមួយគត់។ ប្រទេសជាច្រើនទៀតបានណែនាំរថភ្លើងដែលដំណើរការដោយអ៊ីដ្រូសែនជាជម្រើសមួយជំនួសឲ្យប្រេងម៉ាស៊ូតនៅលើផ្លូវដែកដែរ ដែលមិនទាន់ប្រើប្រាស់អគ្គិសនីពេញលេញ។ ការបើកដំណើរការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់ប្រទេសឥណ្ឌាក្នុងការអភិវឌ្ឍអ៊ីដ្រូសែនបៃតង និងកាត់បន្ថយការបំភាយឧស្ម័នកាបូនពុល។ ប្រទេសឥណ្ឌាបានយកកំណត់គោលដៅនៃការឈានដល់ការបំភាយឧស្ម័នសុទ្ធ ចាប់ពីសូន្យនៅឆ្នាំ ២០៧០ ដោយផ្លូវដែកឥណ្ឌាកំពុងរុករកអ៊ីដ្រូសែនជាជម្រើសមួយជំនួសឲ្យការប្រើប្រាស់ប្រេងម៉ាស៊ូតនៅលើដងផ្លូវមួយចំនួនដែរ។ រថភ្លើងដែលបង្កើតឡើងដោយទូបើកបរ នៃដំណើរការដើរដោយអ៊ីដ្រូសែនពីរគ្រឿង នេះ និងទូដឹកផ្ទុកអ្នកដំណើរចំនួន៨ទូនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅរដ្ឋ Haryana ភាគខាងជើងមុនគេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ





