លោកជំទាវ ឡងឌី សាន់ណារ៉ា អញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានស្តីអំពីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំ២០២៦ នៅទីតាំង ដឹ ព្រេមៀ ផាលេស
សន្និសីទសារព័ត៌មានស្តីអំពីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំ២០២៦ បានប្រារព្វធ្វើនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នាទីតាំង ដឹ ព្រេមៀ ផាលេស ក្រោមអធិបតីភាព លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក មាន សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាងអ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក រួមនិងវត្តអញ្ជើញចូលរួមពីអស់លោក លោកស្រីតំណាងមកពីបណ្តាក្រុមហ៊ុនដៃគូរសហការជាច្រើនរូប។
តាមសន្ទរកថាស្វាគមន៍របស់លោក មាន សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម បានមានប្រសាសន៍គូសបញ្ជាក់ថា គោលបំណងនៃការរៀបចំពិព័រណ៍អាពាហ៍ពីពាហ៍ លើកទី៣ នៅថ្ងៃទី២៤,២៥,២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ គឺដើម្បីអោយគ្រប់ក្រុមហ៊ុនដែលមានអាជីវកម្មពាក់ពន្ធ័និងកម្មវិធីមង្គលការទាំងអស់ បានចូលរួមក្នុងការផ្សព្វផ្សាយដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរផ្សេងៗបស់ខ្លួន ដែលទាក់ទងនៅក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នេះ ។ ផ្តល់ភាព ងាយស្រួលចំពោះអតិថិជនកូនកំលោះកូនក្រមុំ គូរស្វាមីភរិយា ដែលមានគំរោងរៀបចំមង្គលការ និងបណ្តារក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអាពាហ៍ពិពាហ៍ ដើម្បីបង្កើតទំនាក់ទំនងល្អ និងផ្តល់ពត៌មានលំអិតជូនអតិថិជន ។ ចូលរួមចំណែកដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើងដែលមានតាំងយូរលង់ណាស់មកហើយ ដើម្បីអោយភ្ញៀវជាតិ និងអន្តរជាតិ បានជ្រួតជ្រាបពីប្រពៃណីអាពាហ៍ពិពាហ៍ដ៍ផូរផង់របស់ដូនតាខ្មែរយើង ។ ការរៀបចំកម្មវិធីតាំងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំ២០២៦នេះ មានការចូលរួមច្រើនជាងឆ្នាំទី១ និងទី២ ពីបណ្តាក្រុមហ៊ុនដៃគូរសហការមានចំនួនរហូតទៅដល់ ១២២ស្តង់។
លោកជំទាវ ឡងឌី សាន់ណារ៉ា បានមានប្រសាសន៍ថា កម្មវិធីពិព័រណ៍អាពហ៍ពិពាហ៍នាពេលនេះ គឺជាព្រឹត្តិការណ៍មួយ ដែលមិនត្រឹមតែបានបង្កើតនូវភាពងាយស្រួលក្នុងការទំនាក់ ទំនង នៃការរៀបចំកិច្ចពិធីមង្គលការរបស់អតិថិជននោះទេ ទីនេះគឺជាទីកន្លែងដែលបានបង្ហាញនូវភាពល្អប្រណិតនៃការច្នៃប្រឌិតយ៉ាងទាន់សម័យ ហើយមិនមែនជាព្រឹត្តិការណ៍ ដែលគ្រាន់តែជាការតាំងបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយ សម្រាប់បង្ហាញពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងស្នាដៃដ៏មានតម្លៃរបស់ខ្មែរទៅកាន់មហាជន ភ្ញៀវជាតិ និងដល់អន្តរជាតិតាមការផ្សព្វ ផ្សាយ។
លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាជនជាតិខ្មែរទូទាំងប្រទេស មានបំណង ចង់ឱ្យយុវជនជំនាន់ក្រោយៗបានស្គាល់ ឱ្យកាន់តែច្បាស់ និងបន្តថែរក្សាមរតកវប្បធម៌របស់ដូនតាយើង ជាពិសេសប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដែលមានប្រវត្តិមកដ៏យូរអង្វែង និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។
លោកជំទាវ ឡងឌី សាន់ណារ៉ា សង្ឃឹមថា ព្រឹត្តិការណ៍នេះ មិនគ្រាន់តែជាកម្លាំងជំរុញមួយ ក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ និងជួយឱ្យសម្លៀកបំពាក់ប្រពៃណីខ្មែរ កាន់តែមានការចាប់អារម្មណ៍ និងត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេសតែប៉ុណ្ណោះទេ គឺជាព្រឹត្តិការណ៍ដែលបាន ផ្តល់ ឱកាសឱ្យកូនខ្មែរគ្រប់ជំនាន់ បានស្គាល់ និងយល់ដឹងឱ្យកាន់តែច្បាស់អំពីសម្លៀកបំពាក់ មង្គលការខ្មែរ ដែលជាផ្នែកមួយនៃអត្តសញ្ញាណ និងមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ លោកជំទាវ រដ្ឋលេខាធិការ ជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញ ជួយបណ្តុះស្មារតីដល់ជនជាតិខ្មែរគ្រប់វ័យ ឱ្យចេះ ស្រឡាញ់វប្បធម៌ ជំរុញឱ្យយុវជនចូលរួមថែរក្សា អភិរក្ស និងបន្តប្រពៃណីដ៏ល្អរបស់ដូនតាយើង ដើម្បីឱ្យអត្តសញ្ញាណខ្មែរ នៅតែគង់វង្ស និងត្រូវបានស្គាល់កាន់តែទូលំទូលាយដល់ អ្នកជំនាន់ក្រោយ។
គួរបញ្ជាក់ថា នៅក្នុងពិព័រណ៍អាពាហ៍ពីពាហ៍ លើកទី៣ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤,២៥,២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ គឺក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក បានរៀបចំកម្មវិធី៖ មានចាប់រង្វាន់លើកទឹកចិត្តដល់គូស្រករដែលមកកក់សេវាកម្មផ្សេងៗ និងអតិថិជនដែលមកជាវសំភារះផ្សេងៗតាមបណ្តាស្តង់នីមួយៗ នៅថ្ងៃរៀបចំតាំងពិព័រណ៍នោះតែម្តង និងភ្ញៀវកិត្តិយសទាំងអស់ដែលមកទស្សនា នៅទីតាំងកន្លែងតាំងពិព័រណ៍យើង ក៍ទទួល បានការចាប់រង្វាន់ផងដែរ ព្រមទាំងមាន រៀបចំសួនកម្សាន្តសំរាប់កុមារលេងកំសាន្ត និងមានការប្រគុំតន្ត្រី ពីតារាល្បីៗ សំរាប់ទស្សនាដោយឥតគិតថ្លៃផងដែរ ៕







