មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦ លើកទី១ ត្រូវបានសម្ពោធជាផ្លូវការហើយ
ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរឲ្យកត់សម្គាល់ ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្ត របស់អ្នកវិនិយោគចំពោះស្ថិរភាព សក្តានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីបើក មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦។
ពិព័រណ៍ឧស្សាហកម្ម សម្រាប់ឆ្នាំ២០២៦នេះ មានរយះពេល២ថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែកក្តដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ ដោយមានក្រុមហ៊ុនចូលរួមសរុបចំនួន ១៦២ក្រុមហ៊ុន មកពីប្រទេសចិន ចំនួន ៣៦ក្រុមហ៊ុន និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាចំនួន ១១៨ក្រុមហ៊ុន មានស្តង់បង្ហាញផលិតផលសរុប ១៩៩ស្តង់ ។
ឯកឧត្តម ហែម វណ្ណឌី ឲ្យដឹងទៀតថា ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក្នុងគោលបំណង ជំរុញវិស័យឧស្សាហូបនីយកម្ម ទាក់ទាញការវិនិយោគថ្មីៗ និងបង្កើតបណ្តាញតភ្ជាប់រវាងអ្នកវិនិយោគ រោងចក្រ សហគ្រាស អ្នកផ្គត់ផ្គង់ អ្នកនវានុវត្តន៍ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ ជាពិសេស ដើម្បីបង្ហាញពីផលិតផល និងបច្ចេកវិទ្យាទំនើបៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ឯកឧត្តម បន្តទៀតថា កម្ពុជាកំពុងពង្រីកខ្លួន ទៅកាន់វិស័យថ្មីៗ ដូចជា ឧស្សាហកម្មយានយន្ត គ្រឿងបង្គុំរថយន្ត ការកែច្នៃម្ហូបអាហារ អេឡិចត្រូនិក សារធាតុគីមី និងគ្រឿងសង្ហារឹមជាដើម។ ពិសេស និងការត្រៀមខ្លួនចំពោះបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្ម ព្រមទាំងបច្ចេកវិទ្យាថ្មីៗ ចំពោះការលេចឡើងនៃបញ្ញាសិប្បនិម្មិត (AI), ស្វ័យប្រវត្តិកម្ម, បច្ចេកវិទ្យារ៉ូបូត និងឌីជីថល កំពុងកំណត់សមត្ថភាពប្រកួតប្រជែងសកល។ កម្ពុជាត្រូវតែចាប់យកបច្ចេកវិទ្យាទាំងនេះ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម និងលើកកម្ពស់គុណភាព។
លោក លី អេឡែន (Lee Allen) ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានលើកឡើងដែរថា វេទិកាពិព័រណ៍ឆ្នាំ២០២៦នេះ មានបំណងផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការគ្នាលើផ្នែកឧស្សាហកម្មប្រកបដោយវិជ្ជាជីវៈ និងគម្រិតខ្ពស់ ដែលផ្តោតលើទិសដៅរួមគ្នា ដើម្បីផ្តល់ឪកាសឲ្យសហគ្រាសឯកជន និងស្ថាប័នរដ្ឋ អាចជួបពិភាក្សាអំពីបញ្ហប្រឈម និងឧបសគ្គ ក្នុងវិស័យផលិតកម្ម និងរួមគ្នាកែលម្អបរិយាកាសវិនិយោគ កាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាពផលិតកម្ម។
លោក បន្ថែមទៀតថា ការជំរុញការធ្វើទំនើបកម្មវិស័យឧស្សាហកម្មនៅកម្ពុជា គឺជាបេសកម្មដ៏សំខាន់ រួមសាមគ្គីគ្នា ធ្វើយ៉ាងណា ឲ្យពិព័រណ៍ឧស្សាហកម្មក្នុងឆ្នាំ២០២៦នេះ ជាចំនុចចាប់ផ្តើមថ្មី និងបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងកម្ពុជា និងចិន លើទឹកដីដែលពោរពេញដោយកាលានុវត្តភាព។







