អ្នកជំនាញផ្តល់ដំបូន្មានសុវត្ថិភាពពីការបំពុលខ្យល់ចេញពីភ្លើងឆេះព្រៃនៅ New York ជាពិសេសម្រាប់អ្នកគាំទ្រ និងក្រុមកីឡាករបាល់ទាត់ដែលត្រៀមប្រកួតវគ្គផ្តាច់ FIFA Final World Cup 2026
អ្នកស្រុក និងអ្នកទស្សនាព្រឹត្តិការណ៍ World Cup មកកាន់តំបន់ញូវយ៉ក ត្រូវបានណែនាំឱ្យកាត់បន្ថយពេលវេលារបស់ពួកគេនៅផ្នែកខាងក្រៅ និងត្រូវពាក់ម៉ាស់ ខណៈដែលសារធាតុបំពុលខ្យល់ពីភ្លើងឆេះព្រៃប្រទេសកាណាដាបានគ្របដណ្តប់ទីក្រុង។ ផ្សែងភ្លើងឆេះព្រៃដ៏ក្រាស់ និងក្រហាយ បានធ្វើឱ្យផ្ទៃមេឃងងឹតនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពី Great Lakes ដល់ផ្នែកខ្លះនៃឆ្នេរសមុទ្រភាគខាងកើត ដែលកាត់បន្ថយភាពនូវគំហើញ ព្រមទាំងជំរុញឱ្យមានការព្រមានថា ការដកដង្ហើមខ្យល់នៅខាងក្រៅអាចមានគ្រោះថ្នាក់ច្រើន។ លោកវេជ្ជបណ្ឌិត Neelima Tummala និងគ្រូពេទ្យ ENT ប្រចាំនៅ NYU Langone Health បានព្រមានថា ប្រជាជនដែលមានហានិភ័យខ្ពស់បំផុតរួមមានកុមារអាយុក្រោម៥ឆ្នាំ និងអ្នកដែលមានអាយុលើ៦៥ឆ្នាំឡើងទៅ និងអ្នកដែលមានបញ្ហាសុខភាពផ្សេងៗទៀត។ លោកបានណែនាំឱ្យកំណត់ពេលវេលាស្ថិតនៅខាងក្រៅ ដោយពាក់ម៉ាស់ ត្រូវប្រើឧបករណ៍ជំនួយត្រងយកសារធាតុបំពុលខ្យល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូចជាប្រើម៉ាស់ N95 ព្យាយាមបិទបង្អួច មិនថាអ្នកនៅក្នុងឡាន ឬនៅក្នុងផ្ទះក្តី ប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់ និងចុងក្រោយគឺត្រូវលាងសម្អាតរន្ធច្រមុះឲ្យបានម៉ត់ចត់នៅពេលត្រឡប់មកផ្ទះវិញ ដែលជួនកាលវាអាចមានប្រយោជន៍ក្នុងការកាត់បន្ថយបរិមាណនៃការរលាកច្រមុះ និងប្រហោងឆ្អឹងខាងក្នុងបាន ដែលវាអាចកើតឡើងពីការដកដង្ហើមយកសារធាតុបំពុលខ្យល់ដោយមិនដឹងខ្លួន។ ទន្ទឹមនឹងនេះដែរ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA មកដល់អត្តពលិកនឹងត្រូវហ្វឹកហាត់ក្នុងបរិយាកាសដែលមានការបំពុលខ្យល់ ដូច្នេះលោកបានណែនាំឲ្យព្យាយាមធ្វើយ៉ាងណារក្សាសុខភាពផ្លូវដង្ហើមរបស់ពួកគេឲ្យល្អប្រសើរឡើង និងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីរក្សាស្ថានភាពដកដង្ហើមរបស់ពួកគេឱ្យល្អបំផុតតាមដែលអាចធ្វើទៅបានមុនពេលប្រកួត អំឡុងពេលប្រកួតជាការចាំបាច់៕
សម្រួលអត្ថបទ៖ សុផារិន្ទ






