លោកប្រធានាធិបតី Xi Jinping បញ្ជាក់ក្នុងសន្និសីទបញ្ញាសិប្បនិម្មិត AI នៅទីក្រុងសៀងហៃថា៖ យើងត្រូវរួមគ្នាជារបាំង និងធានាថា AI ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្សជានិច្ច

លោកប្រធានាធិបតីចិន Xi Jinping នៅថ្ងៃសុក្រនេះបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកលលើបញ្ញាសិប្បនិម្មិត ឬ AI ដោយព្រមានប្រឆាំងនឹងប្រទេសនានាដែលដាក់ផលប្រយោជន៍សន្តិសុខជាតិរបស់ពួកគេលើសពីផលប្រយោជន៍សន្តិសុខជាតិរបស់អ្នកដទៃ។ លោក Xi បានមានប្រសាសន៍បែបនេះនៅក្នុងសុន្ទរកថាដំបូងរបស់លោកនៅឯសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកនៅទីក្រុងសៀងហៃ ឬ World Artificial Intelligence Conference in Shanghai ដែលលោកបានអញ្ជើញចូលរួមជាលើកដំបូង ខណៈដែលការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងប្រទេសចិន និងសហរដ្ឋអាមេរិកកាន់តែឡើងកម្តៅខ្លាំងឡើងៗ ដោយបញ្ជាក់ថា៖ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតមិនគួរជាការបង្ហាញតែម្នាក់ឯងនោះទេ ប៉ុន្តែជាការបង្ហាញរួមគ្នានៃកិច្ចសហប្រតិបត្តិការសកល”។ លោក Xi បានមានប្រសាសន៍ទៀតថា “យើងត្រូវតែពង្រឹងរបាំងសុវត្ថិភាព ការពារការរំលោភបំពាន និងការប្រើប្រាស់ពីការព្យាបាទ និងធានាថាបញ្ញាសិប្បនិម្មិត AI តែងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សជានិច្ច។ លោកក៏បានអំពាវនាវឱ្យមានការពង្រឹងច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិតសកល និងបានសន្យាគាំទ្របន្ថែមទៀតសម្រាប់ការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែរ។ លោក Xi បានសង្កត់ធ្ងន់ថា៖ ប្រទេសចិននឹងផ្តល់ឱកាសបណ្តុះបណ្តាលចំនួន ៥០០០វគ្គបណ្តុះបណ្តាលនៅក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត AI ជាឯកទេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ និងលើកកម្ពស់ការដាក់ពង្រាយប្រព័ន្ធព្រមានជាមុនអំពីគ្រោះថ្នាក់យ៉ាងច្រើនប្រភេទដែលស្ថិតនៅលើដំណើរការ នៃបញ្ញាសិប្បនិម្មិត “Mazu” នៅក្នុងប្រទេសចំនួន៣០។ មុន​សន្និសីទ​នេះចាប់ផ្តើម មានប្រទេស​ចំនួន ២៩ រួម​មាន​ប៉ាគីស្ថាន រុស្ស៊ី និង​កាហ្សាក់ស្ថាន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​នៅ​ទីក្រុង​សៀងហៃ ដើម្បី​បង្កើត​អង្គការ​នៃកិច្ចសហប្រតិបត្តិការ​បញ្ញា​សិប្បនិម្មិត​ពិភពលោក ដែល​ជា​អង្គការ​អន្តររដ្ឋាភិបាល​ឯករាជ្យ​មួយ ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​សៀងហៃ ដែល​មាន​គោលបំណង​លើកកម្ពស់​អភិបាលកិច្ច AI សកល។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា មាន​ក្រុមហ៊ុន​ជាង ១១០០ និង​ភ្ញៀវ​ចំនួន ១៤០០ នាក់​កំពុង​ចូលរួម​ក្នុង​សន្និសីទ AI ប្រចាំឆ្នាំ​នាពេលនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ