ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia បង្ហាញការយកចិត្តទុកដាក់ និងការកោតសរសើរពីសំណាក់រាជរដ្ឋាភិបាល ចំពោះរាល់ស្នាដៃ និងកម្មវិធីអប់រំនានារបស់អង្គការ
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia ដែលប្រព្រឹត្តទៅក្នុងបរិយាកាសដ៏អធិកអធម និងស្និទ្ធស្នាល ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការកោតសរសើរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះស្នាដៃ កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏មានតម្លៃរបស់អង្គការ ក្នុងការអភិវឌ្ឍវិស័យអប់រំ និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា អស់រយៈពេល២០ឆ្នាំកន្លងមក។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នាសាលមហោស្រពកោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ដែលជាការបញ្ជាក់ពីការគាំទ្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការបន្តជំរុញវិស័យអប់រំ និងការអភិវឌ្ឍសង្គម ដើម្បីរួមចំណែកកសាងធនធានមនុស្សដែលមានគុណភាព និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន៕






