កូរ៉េ និងកម្ពុជា បានកសាងភាពជាដៃគូយ៉ាងរឹងមាំ និងគួរឱ្យទុកចិត្តនៅក្នុងវិស័យសុខាភិបាលក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមកនេះ
ភ្នំពេញ ៖ លោក គីម អ៊ូហ៊្សុក ប្រធានគណៈប្រតិភូ និងជាលេខាទី២ផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រសួងការបរទេស សាធារណរដ្ឋកូរ៉េ បានអះអាងថា សាធារណរដ្ឋកូរ៉េ និងកម្ពុជា បានកសាងភាពជាដៃគូយ៉ាងរឹងមាំ និងគួរឱ្យទុកចិត្តនៅក្នុងវិស័យសុខាភិបាលក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមកនេះ។ មន្ទីរពេទ្យកុមារជាតិ គឺជាស្ថាប័នសាធារណៈឈានមុខគេរបស់កម្ពុជាក្នុងការថែទាំសុខភាពកុមារ។ ចាប់តាំងពីការគាំទ្រដល់ការសាងសង់អគារមន្ទីរពេទ្យដំបូងក្នុងឆ្នាំ២០០៥ មក ប្រទេសកូរ៉េបានបន្តភាពជាដៃគូរបស់ខ្លួនតាមរយៈគម្រោងអភិវឌ្ឍន៍ដំណាក់កាលទីបីនេះ ដោយមានគោលដៅជួយឱ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យកុមារឈានមុខគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការលើកឡើងរបស់លោកបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យមើលគម្រោងនានាជាជំនួយរបស់សាធាររណរដ្ឋកូរ៉េនៅមន្ទីរពេទ្យកុមារជាតិ។
លោកបានបន្តទៀតថា អគារផ្នែកជំងឺកុមារថ្មីនេះជាអគារទំនើបកម្ពស់ ៥ជាន់ ដែលមានគ្រែអ្នកជំងឺចំនួន ១៨៨ គ្រែ មានឯកទេសសម្រាប់កុមារដែលត្រូវការការព្យាបាលកម្រិតខ្ពស់ ដូចជាផ្នែកជំងឺប្រព័ន្ធរំលាយអាហារ ផ្នែកជំងឺផ្លូវដង្ហើម និងផ្នែកជំងឺឈាម និងមហារីកកុមារជាដើម។ នៅពេលបញ្ចប់ការសាងសង់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៨ នឹងអាចព្យាបាលជំងឺធ្ងន់ធ្ងរជាច្រើនដែលកន្លងមកមានការលំបាកក្នុងការគ្រប់គ្រង បានដោយសុវត្ថិភាព។ លោកសង្ឃឹមថា ក្រុមគ្រួសារទាំងអស់នឹងនឹកឃើញដល់មន្ទីរពេទ្យកុមារជាតិមុនគេ រាល់ពេលដែលកូនៗរបស់ពួកគេត្រូវការការថែទាំព្យាបាល។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យមុមារជាតិបានមានប្រសាសន៍ថា កិច្ចសហការរវាងសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យកុមារជាតិ បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានបង្កើតអត្ថប្រយោជន៍យូរអង្វែងសម្រាប់កុមារ និងគ្រួសារកម្ពុជា។ ចាប់តាំងពីការចាប់ផ្តើមនៃការគាំទ្ររបស់ KOICA ក្នុងឆ្នាំ២០០៥ ភាពជាដៃគូរបស់យើងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ការកែលម្អឧបករណ៍វេជ្ជសាស្ត្រ ការបង្កើនសេវាព្យាបាល និងការអភិវឌ្ឍសមត្ថភាពអ្នកជំនាញថែទាំសុខភាព។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្រោមគម្រោងបច្ចុប្បន្នក្នុងនោះរួមមានការអនុវត្តសកម្មភាពផែនការមេរបស់មន្ទីរពេទ្យ កម្មវិធីបណ្តុះបណ្តាលឯកទេសសម្រាប់កម្លាំងពលកម្មថែទាំសុខភាពរបស់យើង គំនិតផ្តួចផ្តើមកែលម្អគុណភាព ការពង្រឹងការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ និងការរៀបចំសម្រាប់ការសាងសង់មន្ទីរពេទ្យថ្មី។
លោកវេជ្ជបណ្ឌិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្រសួងការបរទេស KOICA និងដៃគូទាំងអស់ចំពោះមិត្តភាព និងការគាំទ្រដ៏រឹងមាំ។ ការប្តេជ្ញាចិត្តរបស់អ្នកបានធ្វើឱ្យមានភាពខុសគ្នាយ៉ាងមានអត្ថន័យនៅក្នុងជីវិតរបស់កុមារកម្ពុជារាប់មិនអស់ និងគ្រួសាររបស់ពួកគេ៕







