អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ អនុម័តគម្រោងវិនិយោគរោងចក្រថ្មីៗចំនួន ៤ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ
ខេត្តព្រះសីហនុ៖ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសំខាន់មួយ ដើម្បីពិនិត្យ និងសម្រេចអនុម័តលើគម្រោងវិនិយោគថ្មីៗចំនួន ៤ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនវិនិយោគផងដែរ។
ឆ្លងកាត់ការពិភាក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ កិច្ចប្រជុំបានផ្ដោតទៅលើគម្រោងរោងចក្រផលិតកម្ម និងកែច្នៃធំៗ រួមមាន៖
១. ក្រុមហ៊ុន GOLDENLINKPRO (CAMBODIA) HARDWARE MANUFACTURING CO., LTD សំណើសុំវិនិយោគដោយពន្ធដាររបស់រដ្ឋ លើគម្រោងបង្កើតរោងចក្រផលិតឧបករណ៍កម្រិតគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរត្រេះ ក្រុងព្រះសីហនុ។
២. ក្រុមហ៊ុន D.B.GOLD IMPORT & EXPORT CO., LTD សំណើសុំវិនិយោគដោយពន្ធដាររបស់រដ្ឋ លើគម្រោងរោងចក្រកែច្នៃលោហធាតុដែក និងប្លាស្ទិក ដែលមានទីតាំងស្ថិតនៅក្បាលលេខ១២២០ ផ្លូវលំ ភូមិតាអាម ឃុំសាមគ្គី ស្រុកព្រៃនប់។
៣. ក្រុមហ៊ុន ZHENCHENG WEILAI TECHNOLOGY (CAMBODIA) CO., LTD សំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (CDC) លើគម្រោងរោងចក្របោះពុម្ពខ្នាតធំទៅលើក្រដាស និងប្លាស្ទិក ដែលមានទីតាំងស្ថិតនៅភូមិចំណាតាម សង្កាត់បិតត្រាំង ក្រុងព្រះសីហនុ។
៤. ក្រុមហ៊ុន YIYUAN HONGDA TIMBER (CAMBODIA) CO., LTD សំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (CDC) លើគម្រោងរោងចក្រផលិតផ្ទាំងកាណុង បន្ទះស៊ីម៉ងត៍ ជើងទ្រទ្វារឈើ គ្រឿងសង្ហារឹម ក្បាលពុះ ក្បាលកិន និងត្រាក់គ្រប់មេឈើ ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរត្រេះ ក្រុងព្រះសីហនុ។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃចំពោះទំនុកចិត្តរបស់វិនិយោគិន ដែលបានជ្រើសរើសខេត្តព្រះសីហនុជាគោលដៅក្នុងការផលិត និងពង្រីកអាជីវកម្ម។ គម្រោងទាំងនេះ មិនត្រឹមតែជួយជម្រុញផលិតកម្មក្នុងស្រុក និងការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជួយបង្កើនចំណូលជាតិផងដែរ។
ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានជម្រុញ និងណែនាំដល់មន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលផ្នែកច្បាប់ ក៏ដូចជានីតិវិធីនានា ដើម្បីជួយឱ្យក្រុមហ៊ុនទាំងអស់អាចដំណើរការសាងសង់ និងចាប់ផ្តើមផលិតកម្មរបស់ខ្លួនបានឆាប់រហ័ស ស្របតាមគោលនយោបាយគាំទ្រការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល តែងតែត្រូវបានចាត់ទុកជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលមានសក្តានុពលខ្លាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគទុនជាតិ និងអន្តរជាតិជាបន្តបន្ទាប់៕
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព ៖ លោក អ៊ូ ជោត







