គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមការចុះប្រតិបត្តិការចំនួន៦១ទីតាំង

រាជធានីភ្នំពេញ៖ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ ៦១ទីតាំង រកឃើញជនបរទេស ស្នាក់នៅចំនួន ២៧២នាក់ មាន ឯកសារត្រឹមត្រូវ ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ទាំង២ទីតាំងនេះរួមមាន៖ ១-ទីតាំងផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី ក្នុងបរិវេនផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លូនជនជាតិចិន ០១នាក់ និងដកហូតវត្ថុតាង ដូចខាងក្រោម ៖-Keyboard ចំនួន០៨កេះ-Mother board ចំនួន១៩កេះ-Network ចំនួន០២កេះ-ទូរសព្ទ ចំនួន០៤កេះ-កុំព្យូទ័រយួរដៃ ចំនួន០៥កេះ-Adapter all in one +Phone ចំនួន០៤កេះ ។ ២-ទីតាំងបុរីកាណាឌីយ៉ា ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន ០២នាក់ និងដកហួតសម្ភារៈ មានដូចខាងក្រោម ៖-ទូរសព្ទដៃ ចំនួន១៧៤០គ្រឿង-computer all in one ចំនួន១១គ្រឿង-សុីមកាត និងគ្រឿងបន្លាស់ទូរសព្មួយចំនួននិង-រថយន្តព្រូសពណ៌ស ១គ្រឿង។

តាមការកោសល្យវិច្ឆ័យរបស់មន្រ្តីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាប់ពាក់ព័ន្ធសង្ស័យរក្សាទុក និងផ្គត់ផ្គង់ឧបករណ៍បម្រើអោយបទល្មើស online scams ។ ជនសង្ស័យជាជនជាតិចិន និងសម្ភារវត្ថុតាងទាំងនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិដើម្បីបន្តនីតិវិធី។

សូមជម្រាបជូនផងដែរថា ការរកឃើញនូវជនសង្ស័យពាក់ព័ន្ធនិងបទល្មើស Online Scam នាពេលនេះ គឺបានកើតឡើងនៅក្នុងប្រតិបត្តិការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យរកបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាបានចំនួន៦១ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២៧២នាក់ មានឯកសារត្រឹមត្រូវ ខណៈក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់៕