សិល្បៈបង្ហាញយន្តហោះ Drone និងបាញ់កាំជ្រួចបំភ្លឺយ៉ាងអស្ចារ្យនៅបរិវេណប៉ម Eiffel មុនមួយថ្ងៃនៃពិធីបុណ្យ Bastille ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង
ការបង្ហាញយន្តហោះគ្មានមនុស្សបើក ឬ Drone រូបភាព និងពន្លឺកាំជ្រួចដ៏ធំមួយបានបំភ្លឺពាសពេញផ្ទៃមេឃនាពេលរាត្រីថ្ងៃច័ន្ទនៅទីក្រុងប៉ារីស ដែលជាការបង្ហាញដ៏អស្ចារ្យមួយដើម្បីប្រារព្ធពិធីមុនថ្ងៃបុណ្យ Bastille របស់បារាំងមកដល់។ ប៉មតួអេហ្វែលដ៏ល្បីល្បាញបានឈរនៅចំកណ្តាលនៃពន្លឺកាំជ្រួច និងការបង្កើតរូបភាពប្លែកៗពីយន្តហោះគ្មានមនុស្សបើកដែលធ្វើឱ្យមានចលនាសមកាលកម្ម។ ការប្រារព្ធពិធីប្រចាំឆ្នាំនេះគឺជាការកត់សម្គាល់ពីការវាយលុកបន្ទាយ Bastille ក្នុងឆ្នាំ ១៧៨៩ ដែលជាពេលវេលាដ៏សំខាន់មួយដែលបានបង្កឱ្យមានបដិវត្តន៍បារាំង និងនាំឱ្យមានការដួលរលំនៃរបបរាជានិយម។ ការបង្ហាញពន្លឺឆ្នាំនេះត្រូវបានផ្លាស់ប្តូរមួយថ្ងៃមុន ខណៈដែលថ្ងៃអង្គារនេះក៏ជាខួបលើកទី ១០ នៃការវាយប្រហារដោយរថយន្តដឹកទំនិញដែលបានសម្លាប់មនុស្សជាច្រើននាក់ដែលប្រមូលផ្តុំគ្នានៅលើផ្លូវក្រាលកៅស៊ូមួយនៅទីក្រុងនីសដែរ ដែលបារាំងចាត់ទុកជាថ្ងៃឈប់សម្រាកថ្នាក់ជាតិរបស់ខ្លួន។ រំលឹកឡើងវិញនៃហេតុការណ៍នោះគឺមានអ្នកបើកបររថយន្តដឹកទំនិញទម្ងន់ ១៩តោន បានបើករថយន្តយ៉ាងលឿនចូលទៅក្នុងហ្វូងមនុស្សជាក្រុមគ្រួសារ អ្នកទេសចរ និងអ្នកផ្សេងទៀតនៅលើផ្លូវ Promenade des Anglais ដ៏ស្រស់ស្អាត ដោយបានសម្លាប់មនុស្ស ៨៦នាក់ភ្លាមៗ និងធ្វើឱ្យមនុស្ស ៤៥០នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៦។ បច្ចុប្បន្ននេះប្រទេសបារាំងកំពុងរៀបចំព្រឹត្តិការណ៍រំលឹកវិញ្ញាណក្ខន្ធជាបន្តបន្ទាប់ ដែលឈានដល់ការគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលដឹកនាំដោយលោកប្រធានាធិបតី Emmanuel Macron នៅថ្ងៃអង្គារនេះដែរ។ ទិវារំលឹកខួប Bastille បានក្លាយជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសបារាំងសម័យទំនើប ដោយអបអរសាទរសម្រាប់សិទ្ធិសេរីភាពប្រជាធិបតេយ្យ និងមោទនភាពជាតិ ដែលជាការលាយបញ្ជូលគ្នានៃស្មារតីបដិវត្តន៍ និងសមត្ថភាពយោធារបស់ពួកគេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ





