ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរចនាសម្ព័ន្ធការិយាល័យរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពផ្សព្វផ្សាយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងពង្រឹងប្រសិទ្ធភាពការរៀបចំរចនាសម្ព័ន្ធការងារ ឱ្យស្របតាមតម្រូវការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយផ្តោតលើការពិនិត្យតួនាទី ភារកិច្ច និងការរៀបចំការិយាល័យនានា ដើម្បីធានាថា ការបែងចែកការងារមានភាពច្បាស់លាស់ សមស្រប និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើការលើកកម្ពស់សមត្ថភាពស្ថាប័ន ការគ្រប់គ្រង និងការផលិតខ្លឹមសារផ្សព្វផ្សាយដែលមានគុណភាព ទាន់ពេលវេលា និងឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធឱ្យមានភាពសមស្រប និងប្រសិទ្ធភាព គឺជាមូលដ្ឋានសំខាន់សម្រាប់ការពង្រឹងសមត្ថភាពរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងការបំពេញបេសកកម្មផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ភាពត្រឹមត្រូវ គុណភាព និងភាពទាន់សម័យ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងបរិបទប្រព័ន្ធផ្សព្វផ្សាយសម័យថ្មី។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ដែរថា ការពិនិត្យរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា គឺដើម្បីធានាឲ្យមានការគ្រប់គ្រង ការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព វិជ្ជាជីវៈ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងព័ត៌មាន ។ 

ឯកឧត្តម បានបញ្ជាក់ថា តួនាទីរបស់ការិយាល័យគឺជាមុខងារបច្ចេកទេស ហើយការងារការិយាល័យគឺជាមូលដ្ឋានគ្រឹះសម្រាប់នាយកដ្ឋាន និងអគ្គនាយកដ្ឋាន ។ ដូច្នេះហើយ ការប្រមូលផ្តុំនូវក្នុងមុខងារភារកិច្ចរបស់ការិយាល័យនីមួយៗ គឺមានភាពចាំបាច់ដែលត្រូវពិនិត្យឲ្យបានច្បាស់លាស់ ហើយធានាថា កិច្ចការងារដំណើរការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា គឺអាចទ្រទ្រង់កិច្ចការងាររបស់ខ្លួនបានល្អ។ 

ឯកឧត្តម បានលើកឡើងថា ក្នុងក្របខណ្ឌការងារគ្រប់គ្រងទៅលើមុខងាររបស់ទូរទស្សន៍ មិនមែនត្រឹមតែការផលិតហើយផ្សព្វផ្សាយនោះទេ នៅក្នុងបរិបទឌីជីថល យើងត្រូវដឹងថាមុខងារងារភារកិច្ចរបស់ទូរទស្សន៍ គឺវាភ្ជាប់សមាហរណកម្មរវាងប្រព័ន្ធផ្សព្វផ្សាយបុរាណដែលធ្លាប់តែកំណត់ខ្លឹមសារ រូបភាព ក្នុងការផ្សព្វផ្សាយទៅទស្សនិកជន ក៏ប៉ុន្តែឥឡូវយើងត្រូវធ្វើសមាហរណកម្មបន្ថែមជាប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ដូចជាផ្សាយតាម Facebook YouTube TikTok និងបណ្តាញផ្សព្វផ្សាយសង្គមជាច្រើនទៀត ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ពិនិត្យ និងកែលម្អការរៀបចំរចនាសម្ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តការងារឱ្យសម្រេចបានលទ្ធផលកាន់តែល្អ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះព័ត៌មានដែលផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា។

កិច្ចប្រជុំនាឱកាសនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្នុងការបន្តកំណែទម្រង់ស្ថាប័ន ពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពសេវាព័ត៌មាន ដើម្បីឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្លាយជាស្ថាប័នផ្សព្វផ្សាយសាធារណៈដែលមានប្រសិទ្ធភាព ទំនើប និងឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ៕