ជប៉ុនកោតសរសើរកម្ពុជា និងប្តេជ្ញាបន្តសហការបង្ក្រាបបទល្មើសឆបោកអនឡាញ

ជប៉ុនបានវាយតម្លៃខ្ពស់ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនបន្តពង្រឹងកិច្ចសហការជាមួយកម្ពុជា ដើម្បីទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនប្រភេទនេះឱ្យកាន់តែមានប្រសិទ្ធភាព។

ការលើកឡើងនេះ ធ្វើឡើងដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងឱកាសជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមឯកអគ្គរាជទូតបានកោតសរសើរចំពោះវិធានការយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបង្ក្រាបទីតាំងឆបោកអនឡាញ បើទោះបីក្រុមឧក្រិដ្ឋជនបានផ្លាស់ប្តូរទីតាំងប្រតិបត្តិការទៅកន្លែងតូចៗ ដែលធ្វើឱ្យការអនុវត្តច្បាប់កាន់តែមានការលំបាកក៏ដោយ។

ជាការឆ្លើយតប ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនបន្ធូរដៃឡើយ ហើយនឹងបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់ ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មនេះ និងស្តារកិត្តិយសរបស់កម្ពុជាឡើងវិញ។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយជប៉ុនលើកទឹកចិត្តឱ្យដោះស្រាយដោយសន្តិវិធី ខណៈកម្ពុជាបានបញ្ជាក់ជាថ្មីពីជំហរដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍សន្តិវិធី។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណចំពោះការរួមចំណែក ដល់ឯកឧត្តម UENO Atsushi ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ព្រមទាំងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចសហការល្អជាមួយឯកអគ្គរាជទូតជប៉ុន៕