រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឥណ្ឌាពិធីចុះអនុស្សរណៈនៃការយោគយល់ក្នុងការ ផ្តល់ហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោង ទទួលផលរហ័ស ឆ្នាំ២០២៦ នៅក្នុងខេត្ត ក្រចេះ សម្រាប់គម្រោងចែកកង់ និងចិញ្ចឹម ឃ្មុំ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ មន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និង ឯក ឧត្តម Vanlalvawna Bawitlung ឯក អគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានធ្វើពិធីចុះហត្ថលេខាលើ អនុស្សរណៈ នៃ ការយោគយល់ស្តីពីការផ្តល់ហិរញ្ញប្បទានរបស់ រដ្ឋាភិបាលឥណ្ឌា ដល់ក្រសួង ព័ត៌មាន ដើម្បីអនុវត្តគម្រោងទទួលផលរហ័ស (Quick Impact Project) នៅឆ្នាំ២០២៦ ចំនួន ២គម្រោង រួមមាន (១) គម្រោងចែកកង់ ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សជួបការលំបាកនៅក្នុងសហគមន៍ ដំណាក់កាលទី២ និង(២) គម្រោងចិញ្ចឹមឃ្មុំ ដោយ កសិករជួបការលំបាកក្នុងជីវភាពនៅក្នុងខេត្ត ក្រចេះ។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួម ពី ថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តគម្រោង ទទួលផលរហ័សនៃក្រសួងព័ត៌មាន និង តំណាងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។
តាមការបញ្ជាក់របស់ក្រុមការងាររៀបចំបានឲ្យដឹងថា គម្រោងទាំងពីរនេះ មានរយៈពេល ១២ខែ ហើយនឹងត្រូវអនុវត្តនៅស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោមការ ដឹកនាំនិងសម្របសម្រួលពីក្រុមការ ងារ អនុវត្តគម្រោងនៃលេខាធិការសម្រប សម្រួល កិច្ចសហប្រតិបត្តិការ អន្តរជាតិ (ល.ស.ស.អ) នៃក្រសួងព័ត៌មាន។
គម្រោងចែកកង់ដើម្បីគាំទ្រដល់ការសិក្សា របស់សិស្សានុសិស្ស ជួបការលំបាកនៅក្នុង សហគមន៍ដំណាក់កាលទី២ ត្រូវបានអនុវត្ត ឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការ សិក្សារបស់សិស្សានុសិស្សជួបការលំបាកក្នុង ជីវភាព ហើយដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយ ពី ផ្ទះទៅមកសាលារៀន។ តាមការរំពឹងទុក គម្រោងនេះនឹងរួមចំណែកកាត់បន្ថយអត្រា បោះបង់ចោលការសិក្សារបស់សិស្សដែល ទទួលផលដោយជំរុញលើកទឹកចិត្តពួកគាត់ឱ្យ មករៀនបានទៀងទាត់ កាត់បន្ថយបន្ទុក ចំណាយនិងពេលវេលារបស់គ្រួសារ សិស្ស ធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់សិស្ស និងចូលរួមថែរក្សាបរិស្ថាន ជាពិសេសធ្វើឱ្យ ការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ ប្រសើរ។ តាមរយៈគម្រោងនេះ កង់ មួកសុវត្ថិភាព និងដបទឹក បរិស្ថានចំនួន២០០ ឈុត នឹង ត្រូវផ្តល់ជូនសិស្សានុសិស្សជួបការលំបាក ចំនួន២០០ នាក់ ដែលកំពុងសិក្សានៅកម្រិត បឋមសិក្សាក្នុងសាលាគោលដៅនៃខេត្តក្រចេះ។ ក្រៅពីទទួលបានកង់ មួកសុវត្ថិភាព និង ដបទឹកបរិស្ថាន សិស្សដែលទទួលផលនឹង ទទួលបានការបណ្តុះបណ្តាលអំពីច្បាប់ ចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើដងផ្លូវ និង ការថែទាំកង់ដើម្បីធានាថាអំណោយដែលពួក គាត់ទទួលបានមិនជះឥទ្ធិពលអវិជ្ជមានដល់ ពួកគាត់ និងធានានូវនិរន្តរភាពគម្រោង។
ចំណែកគម្រោងចិញ្ចឹមឃ្មុំ ដោយកសិករ ជួប ការលំបាកក្នុង ជីវភាពត្រូវបានអនុវត្ត ក្នុង គោលបំណងដើម្បីបង្កើនប្រាក់ចំណូលកសិករតាមរយៈការចិញ្ចឹមឃ្មុំ ការធ្វើកសិកម្ម ធន់នឹងបម្រែបម្រួលអាកាសធាតុនិងការស្វែង រកទីផ្សារជូនកសិករ។ គម្រោងនេះ នឹងផ្តល់ ដើមទុនសម្ភារៈវត្ថុធាតុដើម និងការ បណ្តុះ បណ្តាលកសិករទទួលផលចំនួន ៣០គ្រួសារ នៅក្នុងតំបន់គោលដៅនៃខេត្តក្រចេះ ដើម្បី ចិញ្ចឹមឃ្មុំសាកល្បង។ ក្នុងរយៈពេល អនុវត្ត គម្រោងកសិករទទួលផលដែលភាគច្រើនជា ស្ត្រី និងយុវជន នឹងទទួលបានការ បណ្តុះ បណ្តាលអំពីវិធីសាស្ត្រចិញ្ចឹមឃ្មុំ តាមជំនាញ ត្រឹមត្រូវជំនាញគ្រប់គ្រងសត្វល្អិត និងជំនាញ ពាក់ព័ន្ធផ្សេងៗទៀត ដូចជាការរៀបចំផែន ការហិរញ្ញវត្ថុ អាជីវកម្មខ្នាតតូច ការកត់ត្រា បញ្ជីចំណូល ចំណាយ ការធ្វើផែនការផលិតកម្មឃ្មុំ ការ បង្កើតបណ្តាញអ្នកចិញ្ចឹមឃ្មុំ និង ការស្វែងរកទីផ្សារ លក់ឃ្មុំជូនកសិករ ។
គម្រោងទាំងពីរខាងលើ នឹងរួមចំណែកកាត់ បន្ថយអត្រាភាពក្រីក្រ លើកកម្ពស់ការអប់រំ នៅតំបន់ជនបទដាច់ស្រយាល កសាង សមត្ថភាព និងបំណិនជីវិត ពង្រឹងភាពស៊ាំរបស់កសិករ ទៅនឹងបម្រែបម្រួលអាកាស ធាតុ ព្រមទាំងចូលរួម អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ នៅ តំបន់ជនបទ ជាពិសេសគម្រោងនេះនឹង លើក ទឹកចិត្តឱ្យមានការចូលរួមពី សហគមន៍ប្រកប ដោយតម្លាភាព សមភាព និងការទទួលខុស ត្រូវ ។
ឯកឧត្តម នេត្រ ភក្ត្រា បាន មានប្រសាសន៍ ថា ពិធីចុះហត្ថលេខានាឱកាសនេះ គឺជាការបោះ ជំហាន ដ៏សំខាន់ក្នុងការបន្តការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដល់ក្រសួង ព័ត៌មាន ដើម្បីរួមគ្នាពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ សហគមន៍នៅក្នុងមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែង អំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ចំពោះការ គាំទ្រជាបន្តបន្ទាប់ដល់ក្រសួងព័ត៌មានក្នុងការ លើកកម្ពស់វិស័យព័ត៌មាន តាមរយៈគម្រោង បង្កើតមជ្ឈមណ្ឌលរក្សាទុកឯកសារនៅទីស្តីការក្រសួងព័ត៌មាន និងការ អភិវឌ្ឍសហគមន៍ តាមរយៈគម្រោងបង្កើតមណ្ឌលសហគមន៍នៅស្រុកកោះសូទិន ខេត្តកំពង់ចាម គម្រោងចែកកង់ដំណាក់កាលទី១ និងទី២ នៅ ស្រុកអូរគ្រៀងសែនជ័យ, គម្រោងបំពាក់ សូឡានៅស្រុកស្នួល និង គម្រោងចិញ្ចឹមឃ្មុំនៅ ស្រុកអូរគ្រៀងសែនជ័យ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ ជួបការលំបាកនៅក្នុង មូលដ្ឋានខេត្តក្រចេះ។

សូមបញ្ជាក់ថា នេះគឺជាឆ្នាំទី ៣ ហើយដែលក្រសួងព័ត៌មាន បានទទួល ហិរញ្ញប្បទាន ពី រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា សម្រាប់អនុវត្តគម្រោងទទួល ផលរហ័សនៅខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និង នៅរាជធានី ភ្នំពេញ៕