ឯកឧត្តម កឹម គុណវឌ្ឍន៍ បិទវគ្គបណ្តុះបណ្តាល “ការសរសេរព័ត៌មានទូរទស្សន៍” និង “ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ” ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងយុគសម័យឌីជីថល
ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការបង្ហាត់បង្រៀនអស់រយៈពេលជាច្រើនថ្ងៃរួចមក បណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានទូរទស្សន៍» និង «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» ជូនដល់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
រៀបចំឡើងដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងគោលបំណង ពង្រឹងសមត្ថភាព ចំណេះដឹងផ្នែកសារព័ត៌មាន លើជំនាញសរសេរព័ត៌មាន ព្រមទាំងបង្កើនបច្ចេកទេសក្នុងការថត និងប្រើប្រាស់កាមេរ៉ាវីដេអូ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផលិតមាតិកានានា ក្នុងបរិបទ នៃការរីកចម្រើនផ្នែកឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ។
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តវគ្គបណ្តុះបណ្តាលនាឱកាសនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ សម្រេចបានលទ្ធផលគួរជាទីមោទនៈ និងមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភា ពវិជ្ជាជីវៈរបស់មន្ត្រីរាជការ ស្របតាមទិសដៅនៃការធ្វើបរិវត្តកម្ម ឌីជីថលក្នុងវិស័យព័ត៌មាននិងផ្សព្វផ្សាយ ឆ្លើយតបនឹងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ ពង្រឹងគុណភាពការផលិតព័ត៌មាន និងមាតិកាទូរទស្សន៍ តាមការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងតម្រូវការសាធារណជនក្នុងយុគសម័យថ្មី ។
ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថា ឆ្លងតាមការបណ្តុះបណ្តាលនេះ សិក្ខាកាមដែលជាមន្ត្រីទូរទស្សន៍ជាតិកម្ពុជា ទទួលបាននូវចំណេះដឹង និងជំនាញវិជ្ជាជីវៈយ៉ាងទូលំទូលាយ ពិសេសលើការសរសេរព័ត៌មានទូរទស្សន៍មានភាពត្រឹមត្រូវ ច្បាស់លាស់ស្របតាមស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងការអនុវត្តបទដ្ឋានបច្ចេកទេសប្រើប្រាស់កាមេរ៉ា វីដេអូ ថតរូបភាព ការរៀបចំមុំថត ការប្រើប្រាស់កម្រិតស្តង់ដារ ពន្លឺ សំឡេង និងការគ្រប់គ្រងឧបករណ៍ ដើម្បីផលិតព័ត៌មាន និងមាតិកាទូរទស្សន៍ប្រកបដោយគុណភាពខ្ពស់។
ឯកឧត្តមអគ្គនាយក បានបញ្ជាក់ដែរថា សម្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា វគ្គបណ្តុះបណ្តាលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការផលិតព័ត៌មាន និងមាតិកាទូរទស្សន៍ ដើម្បីឲ្យការផ្សព្វផ្សាយព័ត៌មាន និងមាតិកានានា មានភាពត្រឹមត្រូវ ទុកចិត្តបាន ប្រកបដោយ វិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជនក្នុងយុគសម័យឌីជីថល។
លើសពីការបណ្តុះបណ្តាល និងបំប៉នជំនាញបន្ថែម វគ្គនេះក៏បានរួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្ត្រីព័ត៌មាន ដើម្បីធានាបាននូវការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព តម្លាភាព ការទទួលខុសត្រូវ និងភាពជឿទុកចិត្ត។
ឯកឧត្តម កឹម គុណវឌ្ឍន៍ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលដែលរៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ហើយចាត់ទុកថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពជំនាញ ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត ជូនដល់មន្ត្រីរាជការ ដើម្បីអាចយកចំណេះដឹងដែលទទួលបានទៅអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចការងារប្រចាំថ្ងៃ។
ឯកឧត្តមរដ្ឋលេខាធិការ សូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ បន្តសិក្សាស្វែងយល់ បន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងនិន្នាការថ្មីៗក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្តក្នុងការផលិត ព័ត៌មាន និងកម្មវិធីទូរទស្សន៍ឱ្យកាន់តែមានគុណតម្លៃ គុណភាព ប្រសិទ្ធភាព និងភាពច្នៃប្រឌិត។ ជាមួយគ្នានេះដែរ ឯកឧត្តមគណៈអធិបតី សូមជំរុញឱ្យអង្គភាពពាក់ព័ន្ធ បន្តរៀបចំវគ្គបណ្ដុះបណ្ដាលបែបនេះ ជាបន្តបន្ទាប់ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍របស់កម្ពុជា។
គូរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅជា ២ដំណាក់កាល ដោយដំណាក់កាលទី១ ផ្តោតលើជំនាញ «ការសរសេរព័ត៌មានទូរទស្សន៍» មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមចំនួន ៤៥នាក់ និងដំណាក់កាលទី២ ផ្តោតលើជំនាញ «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» មានរយៈពេល ៣ថ្ងៃដូចគ្នា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមចំនួន ៥៨នាក់ សរុបទាំងអស់ ១០៣នាក់ ៕







