លោកប្រធានាធិបតី Trump ផ្លាស់ប្តូរយន្តហោះថ្មីជាអំណោយរបស់កាតា ទៅជិះ Air Force One ស៊េរីចាស់វិញនៅពាក់កណ្តាលផ្លូវត្រឡប់ពីកិច្ចប្រជុំ NATO ក្រោយពីអាម៉េរិក-អ៊ីរ៉ង់បាញ់ប្រហារគ្នាជាថ្មី

ប្រធានាធិបតី Donald Trump បានវិលត្រឡប់មកកាន់ទឹកដីសហរដ្ឋអាមេរិកវិញហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរូបលោកបានចូលរួមកិច្ចប្រជុំកំពូល NATO នៅប្រទេសតួកគី។ យន្តហោះពិសេសរបស់លោកប្រធានាធិតី បានចុះចតនៅមូលដ្ឋានទ័ពអាកាស Joint Base Andrews រដ្ឋ Maryland ជិតទីក្រុង Washington, D.C ។ លោក Trump បានហោះហើរត្រឹមពាក់កណ្តាលផ្លូវត្រឡប់មកគេហដ្ឋានវិញតាមរយៈយន្តហោះពិសេសចាស់ប្រភេទ Air Force One ពណ៌ខៀវចាស់ ជំនួសឱ្យការធ្វើដំណើរពេញលេញនៅលើយន្តហោះថ្មី ដែលជាអំណោយរបស់រដ្ឋកាតារជូនដល់លោក និងជួសជុលឡើងវិញសម្រាប់យកមកប្រើប្រាស់ផ្ទាល់ខ្លួនក្នុងឋានៈជាប្រធានាធិបតីអាម៉េរិកដែរ។ ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារគ្នាទៅវិញទៅមកជាថ្មីម្តងទៀត។ នៅពេលចុះចតផ្លាស់ប្តូរយន្តហោះ លោក Trump បានផ្តល់ភាពច្បាស់លាស់តិចតួចលើការផ្លាស់ប្តូរជើងហោះហើរនេះ  ប៉ុន្តែលោកក៏បានបង្ហាញថាយន្តហោះទាំងពីរនឹងឈប់សំចតនៅមូលដ្ឋានទ័ពអាកាសមួយនៅចក្រភពអង់គ្លេសដែលមិនបានគ្រោងទុកពីមុនទេ។ បន្ទាប់មកលោក Trump ក៏បានឡើងយន្តហោះចាស់របស់លោកបន្តដំណើរទៅមុខទៀត។ ការរៀបចំជើងហោះហើរមិនធម្មតានេះបានលើកឡើងនូវសំណួរទាក់ទងនឹងបញ្ហាសន្តិសុខថ្មីៗអំពីយន្តហោះថ្មីនេះដែរ។ តាមរូបភាពបានបង្ហាញថាវាមិនមានប្រព័ន្ធការពារមីស៊ីលច្បាស់លាស់និងប្រព័ន្ធទប់ទល់ដូចយន្តហោះចាស់ពណ៌ខៀវរបស់លោកនោះទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ