អាណត្តិទី៧នេះរាជរដ្ឋាភិបាលបានកំណត់យកគោលនយោបាយដីធ្លីជាអាទិភាពមួយដើម្បីបំពេញតម្រូវការពលរដ្ឋ

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុង ស្រុកបន្ទាយមាស ក្នុងបរិវេណវត្តព្រៃត្រសក់ ស្ថិតក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយបញ្ចប់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ កម្ពុជាត្រូវបានស្តារឡើងវិញពីគំនរផេះផង វិស័យនានាត្រូវបានចាប់ផ្តើមរៀបចំឡើងវិញជាបន្តបន្ទាប់ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចបានលះបង់គ្រប់បែបយ៉ាងដើម្បីឱ្យប្រទេស និងប្រជាជនទទួលបានសន្តិភាពពេញលេញ។ ក្រោយពីមានសុខសន្តិភាព ប្រទេសកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសវិស័យដីធ្លី ដែលតម្រូវឱ្យមានគោលនយោបាយមួយដ៏ច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានដីធ្លីជាកម្មសិទ្ធិពិតប្រាកដ និងអាចឱ្យពួកគាត់ទាញយកផលប្រយោជន៍ពីវិស័យដីធ្លីនេះ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមកិច្ចចង្អុកការយ៉ាងម៉ឺងម៉ាត់បំផុតពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី បានបញ្ជាត្រង់ចុះមកមន្ទីរជំនាញ និងអាជ្ញាធរខេត្ត អាជ្ញាធរស្រុក ដើម្បីធ្វើយ៉ាងណាពន្លឿននៃការចេញបណ្ណកម្មសិទ្ធិឱ្យបានលឿនបំផុតជូនពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានកំណត់យកគោលនយោបានដីធ្លី ជាគោលនយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយផ្សេងៗទៀតដែលត្រូវយកចិត្តទុកដាក់បំផុត ក្នុងន័យដើម្បីបំពេញតម្រូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ភូមិ គឺភូមិស្រែកាន់ខាងកើត ស្ថិតក្នុងឃុំទូកមាសខាងកើត ដែលមានក្បាលដីសរុបចំនួន ១,២២៧ក្បាលដី ស្មើនឹង ៥៤០ គ្រួសារ។ ការប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនាពេលនេះ មានចំនួន ៣ភូមិ មានភូមិដូនទាវ ភូមិឫស្សីជុំ និងភូមិគោកវែង ស្ថិតក្នុងឃុំត្នោតចុងស្រង់ ដែលមានក្បាលដីសរុបចំនួន ៤,៨៣៥ក្បាលដី ស្មើនឹង ១,៥៩៩ គ្រួសារ៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត