អង្គការសង្គមស៊ីវិលខេត្តព្រះសីហនុ ប្តេជ្ញាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងការឆបោកតាមអនឡាញក្នុងយុគសម័យឌីជីថល ដើម្បីលើកកម្ពស់សង្គមឌីជីថលកម្ពុជា
(ព្រះសីហនុ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ ស៊ីប្រ៊ីស ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ថ្លែងក្នុងអង្គវេទិកាសន្ទនាដែលមានអ្នកចូលរួមមកពីអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ ឯកឧត្តម ដួង វីរ័ត្ន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការយល់ដឹងអំពីបរិវត្តកម្មឌីជីថល ក៏ដូចជាគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា និងបានលើកទឹកចិត្តឱ្យមានការចូលរួមចំណែកកាន់តែសកម្មថែមទៀតពីអង្គការសង្គមស៊ីវិលនៅថ្នាក់មូលដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងអំពើឆបោកតាមអនឡាញនៅក្នុងសហគមន៍ សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាននាពេលកន្លងមក។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឡុង ឌីម៉ង់ បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តពង្រឹងសមត្ថភាពក្នុងយុគសម័យឌីជីថល តាមរយៈការបន្ស៊ាំខ្លួន និងរៀនសូត្រជាប្រចាំនូវបច្ចេកវិទ្យាថ្មីៗ ការពង្រឹងសមត្ថភាពឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ និងព័ត៌មានរបស់ស្ថាប័ន ដើម្បីចៀសវាងហានិភ័យនៃបទល្មើសបច្ចេកវិទ្យា និងការប្រើប្រាស់វេទិកាឌីជីថល ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ជំរុញតម្លាភាព និងសម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយសហគមន៍និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន។
ដើម្បីចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពបន្ថែមសម្រាប់អង្គការសង្គមស៊ីវិល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន វ.ស.ស. បានសម្របសម្រួលរៀបចំឱ្យមានបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដោយលោក វណ្ណ ខេម៉ា អគ្គនាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្មឌីជីថលនិងលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

អត្ថបទៈ ស្រីមុំ






