ក្រសួងអប់រំពិនិត្យវឌ្ឍនភាពការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា និងការអនុវត្តការផ្ទេរមុខងារវិស័យអប់រំទៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំស្ដីពី «ការពិនិត្យវឌ្ឍនភាពការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា និងការអនុវត្តការផ្ទេរមុខងារវិស័យអប់រំទៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត តំណាង គ.ជ.អ.ប (គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ) និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាគិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ដែលក្នុងនោះរួមមាន ស្ថិតិប្រៀបធៀបការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា (ឆ្នាំ២០២៤-២០២៥-២០២៦) ស្ថានភាពប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា (ឆ្នាំ២០២៦) ការផ្ដល់បៀវត្ស ការកំណត់អត្តសញ្ញាណគ្រូបង្រៀនជាប់កិច្ចសន្យាប្រភេទ១ និង២ ព្រមទាំងបានពិភាក្សាប្រមូលធាតុចូល ដើម្បីកំណត់វិធានការថ្មីៗឆ្លើយតបនឹងបញ្ហាប្រឈមនានា ក្នុងគោលដៅបន្តលើកកម្ពស់គុណភាពអប់រំ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា។ គ្រូជាប់កិច្ចសន្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញចន្លោះខ្វះខាតគ្រូបង្រៀនក្របខណ្ឌ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល តំបន់ជួបការលំបាក និងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ដើម្បីធានានិរន្តរភាពនៃការរៀន ការបង្រៀន និងលើកកម្ពស់សមធម៌ក្នុងការទទួលបានការអប់រំ។
បន្ទាប់ពីស្ដាប់របាយការណ៍ស្ដីពីការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាឆ្នាំ២០២៥-២០២៦ និងកិច្ចពិភាក្សាផ្លាស់ប្ដូរមតិយោបល់រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួនជូនក្រុមការងារជំនាញ ដោយសង្កត់ធ្ងន់លើការបន្តកែលម្អប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រូបង្រៀនឱ្យបានច្បាស់លាស់ (ទាំងគ្រូក្របខណ្ឌ និងគ្រូកិច្ចសន្យា) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបែងចែកគ្រូទៅតាមតម្រូវការជាក់ស្ដែងរបស់សាលារៀន។ ទន្ទឹមនឹងនេះ ត្រូវបន្តអនុវត្តវិធានការឆ្លើយតបនឹងតម្រូវការគ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាល ព្រមទាំងយកចិត្តទុកដាក់លើការពង្រឹងគុណវុឌ្ឍិ និងការបណ្ដុះបណ្ដាលគ្រូជាប់កិច្ចសន្យាមុនចេញអនុវត្តការបង្រៀនតាមសាលារៀន ដើម្បីធានាបាននូវគុណភាពនៃការបង្រៀន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានណែនាំឱ្យពិនិត្យ និងវិភាគការប្រែប្រួលក្របខណ្ឌ និងវិភាគគម្លាតរបស់គ្រូបង្រៀនតាមតំបន់ ដើម្បីកំណត់គោលការណ៍ច្បាស់លាស់ក្នុងការប្រើប្រាស់គ្រូកិច្ចសន្យា។ បន្ថែមពីនេះ ត្រូវរៀបចំជាគោលនយោបាយរួមសម្រាប់គ្រូបង្រៀនទាំងគ្រូកិច្ចសន្យា និងគ្រូក្របខណ្ឌ ដោយត្រូវបញ្ជាក់ឱ្យច្បាស់ពីលក្ខណៈសម្បត្តិគ្រូបង្រៀន ហើយបន្ថែមពីលើគុណវុឌ្ឍិ គឺត្រូវចេះវិធីសាស្ត្របង្រៀន (កញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង) និងទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាប្រចាំ។ ជាចុងក្រោយ ស្ថាប័នពាក់ព័ន្ធត្រូវបន្តការអភិវឌ្ឍ និងពង្រឹងសមត្ថភាពគ្រូបង្រៀនទាំងគ្រូក្របខណ្ឌ និងកិច្ចសន្យា ដោយផ្ដោតលើការពង្រឹងគុណវុឌ្ឍិ វិជ្ជាសម្បទា គរុកោសល្យ និងវិធីសាស្ត្របង្រៀនថ្មីៗ ឆ្លើយតបនឹងការធ្វើទំនើបកម្មកម្មវិធីសិក្សា និងជំនាញសតវត្សទី២១៕







